(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥,២៨៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១០០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៣២១,១៥៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៥,០៥៣នាក់ និងជាសះស្បើយឡើងសរុប ២៨,៤០០,១៣២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។
តាមរយៈតួលេខនៃករណីឆ្លង និងស្លាប់ខាងលើនេះបានបង្ហាញថា ការរាតត្បាត COVID-19 នៅសហរដ្ឋអាមេរិក កាន់តែមានភាពធូរស្រាលបន្ថែមទៀតហើយ ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានថា ការប្រុងប្រយ័ត្នគួរតែបន្តទៅមុខដដែល បើទោះបីជាប្រជាជនភាគច្រើន បានទទួលការចាក់វ៉ាក់សាំងរួចរាល់ក៏ដោយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣០៨លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៧៣.៥លាននាក់ (៥២.៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៤៣.១២លាននាក់ (៤៣.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕