(ហ្សេរុយសាឡឹម)៖ នៅទីបំផុតលោក ណាហ្វថាលី ប៊ែនណេត (Naftali Bennett) មេដឹកនាំក្រុមចម្រុះស្តាំនិយម យ៉ាមីណា (Yamina United Right) បានស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសអ៊ីស្រាអែលហើយ ដែលនេះជាការបិទបញ្ចប់ សម័យកាលដឹកនាំរបស់លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដែលមានរយៈពេល ១២ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។

នៅយប់ថ្ងៃអាទិត្យដដែល (ម៉ោងនៅហ្សេរុយសាឡឹម) ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទូរសព្ទដោយផ្ទាល់មកកាន់លោក Naftali Bennett ដើម្បីសម្តែងក្តីអបអរសាទរ តែរយៈពេល ២ម៉ោងប៉ុណ្ណោះ បន្ទាប់បុរសវ័យ ៤៩ឆ្នាំរូបនេះ បានស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែល។

លោក ចូ បៃដិន បានលើកឡើងនាឱកាសនោះថា «ជំនួសមុខឲ្យប្រជាជនអាមេរិក ខ្ញុំសូមអបអរសាទរលោកនាយករដ្ឋមន្ត្រី Naftali Bennett និងលោក យែរ ឡាពីដ ផងដែរ ដែលត្រូវបានតែងតែនាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីការបរទេស ព្រមទាំងអបអរចំពោះសមាជិកទាំងអស់ នៃគណៈរដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែល»។ លោក ចូ បៃដិន បានសង្កត់ធ្ងន់់ទៀតថា «អ៊ីស្រាអែលគ្មានមិត្តណា ដែលប្រសើរជាងសហរដ្ឋអាមេរិកទៀតឡើយ»

គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតផ្តល់ទំនុកចិត្តពីសភា កាលពីយប់ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា (ពេលវេលានៅហ្សេរុយសាឡឹម) ក្រុមចម្រុះរបស់លោក Naftali Bennett អាចផ្តួលរំលំសម័យកាលដឹកនាំប្រទេស ១២ឆ្នាំរបស់លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ។ លទ្ធផលនៃការបោះឆ្នោតផ្តល់ទំនុកចិត្ត គឺពិតជាប្រកៀកប្រកិតគ្នាបំផុត ដោយខុសគ្នាត្រឹម «មួយសំឡេង» ប៉ុណ្ណោះ ព្រោះនៅក្នុងសភាជាតិ សមាជិក ៦០រូប បានបោះឆ្នោតគាំទ្រការបង្កើតរដ្ឋាភិបាលថ្មី ដឹកនាំដោយលោក Naftali Bennett ខណៈសមាជិក ៥៩រូបទៀតប្រឆាំង។

នៅក្នុងការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍អ៊ីស្រាអែល គេឃើញក្រុមចម្រុះរបស់លោក Bennett បានឡើងមកអង្គុយកន្លែងថ្មីផ្នែកខាងមុខ នៅក្នុងបន្ទប់អង្គប្រជុំសភា ខណៈក្រុមអតីតថ្នាក់ដឹកនាំរដ្ឋាភិបាលមុនរបស់លោក ណឺតាន់យ៉ាហ៊ូ បានថយទៅអង្គុយផ្នែកខាងក្រោយវិញ ដែលមានន័យថា ពេលនេះក្រុមលោក ណឺតាន់យ៉ាហ៊ូ បានក្លាយជាក្រុមប្រឆាំងវិញហើយ៕