(ឡង់ដ៍)៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងនៅចុងបញ្ចប់ នៃកិច្ចប្រជុំកំពូល G7 លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានបញ្ជាក់ថា មេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេបំផុតនៅលើពិភពលោកបានសន្យាផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួនមួយពាន់លានដូស សម្រាប់ពិភពលោកទាំងមូល ដោយផ្ទាល់ ឬតាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងសកល COVAX។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅយប់ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១។
លោក Boris Johnson បាននិយាយថា «ខ្ញុំមានសេចក្តីរីករាយសូមប្រកាសថា នៅចុងសប្តាហ៍នេះមេដឹកនាំ នៃបណ្តាប្រទេស G7 បានសន្យាផ្តល់វ៉ាក់សាំងចំនួនជាង ១ពាន់លានដូស ដោយផ្ទាល់ឬតាមរយៈការផ្តល់មូលនិធិទៅឲ្យកម្មវិធី COVAX របស់អង្គការសហប្រជាជាតិ ក្នុងនោះរាប់បញ្ចូលទាំង ១០០លានដូស ពីចក្រភពអង់គ្លេស ទៅកាន់ប្រទេសក្រីក្របំផុតនៅលើពិភពលោក»។
គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំកំពូល G7 ប្រធានាធិបតីអាមេរិកលោក Joe Biden ក៏ធ្លាប់បានប្រកាសថា សហរដ្ឋអាមេរិកគ្រោងនឹងបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន ៥០០លានដូសទៅឲ្យប្រទេសក្រៅផងដែរ។ ចំពោះការកំណត់ពេលវេលាមន្រ្តីបាននិយាយថា វ៉ាក់សាំងទាំងនោះនឹងចាប់ផ្តើមដឹកជញ្ជូននៅខែសីហា ហើយចំនួន ២០០លានដូសនឹងត្រូវបានចែកចាយនៅដំណាច់ឆ្នាំនេះ។ ចំណែក ៣០០លានដែលនៅសល់ នឹងត្រូវផ្តល់ជូននៅឆមាសទីមួយ នៃឆ្នាំ២០២២៕