(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន២៩៧ករណីបន្ថែមទៀត។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីខាងលើ ភាគច្រើនត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលចំណុចកណ្តាលនៃការផ្ទុះរីករាលដាលកូវីដ១៩ នាពេលបច្ចុប្បន្នជាមួយករណីឆ្លថ្មី១២៩ករណី។
ដោយឡែកនៅទីក្រុងហូជីមីញបានរកឃើញករណីឆ្លងសហគមន៍ថ្មីចំនួន៩៥ករណី ក្នុងនោះមាន៥៣នាក់ជាបុគ្គលិកពេទ្យរបស់មន្ទីរពេទ្យឯកទេសជំងឺត្រូពិកនៅក្នុងក្រុង ខណៈដែលមន្ទីរពេទ្យនេះត្រូវបានអាជ្ញាធរបិទខ្ទប់ (Lockdown)ជាបណ្តោះអាសន្ន។ ចំណែកនៅខេត្ត Bắc Ninh មាន ៥៤ករណី និងនៅខេត្ត Hà Tĩnh ក៏បានកត់ត្រាករណីឆ្លងសហគមន៍ចំនួន០៩ករណីបន្ថែមទៀតផងដែរ។ ក្រៅពីនោះនៅតាមខេត្តផ្សេងៗទៀត។
នៅថ្ងៃជាមួយនេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះម្នាក់ទៀតផងដែរ។
សរុបមកវិញ គិតត្រឹមថ្ងៃអាទិត្យនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១០,៥៣៨នាក់ ក្នុងនោះស្លាប់ ៥៩នាក់ និងជាសះស្បើយ ៣,៩៧៥នាក់៕