(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ មជ្ឈិមបក្សកុម្មុនិស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ «សេចកី្តណែនាំស្តីពីការផ្តល់ការគាំទ្រដល់ខេត្តហ្សេជាំង ក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងបង្កើតតំបន់គំរូមានភាពសម្បូរសប្បាយជាមួយគ្នា» ។
មជ្ឈិមបក្សកុម្មុនិស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានធ្វើការរចនាពីលំដាប់កំពូលសម្រាប់ផ្តល់ការគាំទ្រដល់ខេត្ត ហ្សេជាំង ក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងបង្កើតតំបន់គំរូមានភាពសម្បូរសប្បាយជាមួយគ្នា ហើយបានលើកឡើងនូវគៅលដៅអភិវឌ្ឍន៍ឆ្នាំ២០២៥ ឆ្នាំ២០៣៥ និងវិធានការសំខាន់ៗ២០ចំណុចលើ៦វិស័យជាដើម ។
ភាពសម្បូរសប្បាយជាមួយគ្នា ជាតម្រូវការពីឬគល់របស់សង្គមនិយម ជាបំណងប្រាថ្នារួមរបស់ប្រជាជនចិន ។ តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក មជ្ឈិមបក្សកុម្មុយនិស្តចិនដែលមានលោក ស៊ី ជីនភីង ជាប្រមុខស្នូល បានសាមគីគ្នានិងដឹកនាំប្រជាជនចិនចំនួន១ពាន់៤រយលាននាក់ ធ្វើការខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីឆ្ពោះទៅកាន់គោលដៅស្តីពីការសម្រេចបាន នូវភាពសម្បូរសប្បាយជាមួយគ្នា និងទទួលបានសមិទ្ធផលជាប្រវត្តិសាស្រ្តដ៏មហិមា ក្នុងការកសាងសង្គមដែលប្រជាជនមាន ជីវភាពធូធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជាបានតាំងមូលដ្ឋានដ៏រឹងមាំ សម្រាប់ជំរុញភាពសម្បូរសប្បាយជាមួយគ្នា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីផងដែរ ។
សូមបញ្ជាក់ថា នៅប្រទេសចិន ខេត្ត ហ្សេជាំង មានភាពធូរធារកម្រិតខ្ពស់បង្គួរ ការអភិវឌ្ឍក៏មានតុល្យភាពដ៏ល្អប្រសើរ បើមើលពីសភាពការណ៍ទូទៅ និងបច្ចុប្បន្នភាពរបស់ខេត្តទាំងមូលអាចឃើញថា ខេត្តនេះមានមូលដ្ឋាននិងឧត្តមភាព ក្នុងការសម្រេចបាន នូវភាពសម្បូរសប្បាយជាមួយគ្នាមុនគេ។ ប៉ុន្តែក្នុងការអភិវឌ្ឍរបស់ខេត្តហ្សេជាំង ក៏មានកង្វះខាតនិងវិស័យទន់ខ្សោយដែរ នេះជាការងារដែលត្រូវផ្តោតសំខាន់ នៅជំហានក្រោយ ហើយក៏ជាវិស័យដែលប្រកបដោយចន្លោះអភិវឌ្ឍន៍ និងសក្តានុពលផងផង ។
ខេត្តហ្សេជាំង បានទទួលបន្ទុកជាតំបន់គំរូ ប៉ុន្តែនេះមិនមែនមានន័យថា ចាប់តាំងពីពេលនេះមក ការអភិវឌ្ឍរបស់ខេត្តហ្សេជាំង គ្រាន់តែអាស្រ័យដោយខេត្តនេះ គ្រោងផែនការនិងជំរុញការអនុវត្តនោះទេ។ បើសិនជាចង់សម្រេចឱ្យបានល្អ នូវភារកិច្ចសំខាន់ដែលមានចែងក្នុង «សេចក្តីណែនាំ» នោះខេត្តហ្សេជាំងត្រូវធ្វើកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយ ជាមួយតំបន់ផ្សេងទៀតនៃប្រទេសចិន ក៏ដូចជាមុខរបរ សហគ្រាស និងស្ថាប័នសិក្សាស្រាវជ្រាវលើវិស័យនានាផលដែរ។
ដូចនេះ គណៈកម្មការបក្សកុម្មុយនិស្តចិននៃខេត្តហ្សេជាំង បានធ្វើការវិភាគជាប្រព័ន្ធចំពោះឧត្តមភាព និងកង្វះខាតរបស់ខេត្តហ្សេជាំង ក្នុងន័យដោះស្រាយបញ្ហាមួយចំនួនដោយចំគោលដៅ ដូចជាការពន្លឿនការបង្រួញគម្លាតអភិវឌ្ឍន៍រវាងតំបន់និងតំបន់ ពន្លឿនការបង្រួញគម្លាតអភិវឌ្ឍន៍រវាងទីក្រុងនិងជនបទ ក៏ដូចជាពន្លឿនការបង្រួញគម្លាតខាងប្រាក់ចំណូលជាដើម។
ខេត្តហ្សេជាំងនឹងធ្វើការរៀបចំនិងចាត់ចែងតាមគម្រោង ក្នុងន័យទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងដំណាក់កាលខុសៗគ្នា។ ពោលគឺដល់ឆ្នាំ២០២៥ ជំរុញឱ្យកិច្ចកសាងតំបន់គំរូទទួលបាន ការវិវឌ្ឍរីកចម្រើនយ៉ាងច្បាស់លាស់ និងប្រកបដោយភាពជាក់ស្តែង ដល់ឆ្នាំ២០៣៥ ទទួលបានសមិទ្ធផលកាន់តែធំក្នុងការអភិវឌ្ឍប្រកដោយគុណភាពខ្ពស់ សម្រេចបាននូវភាពសម្បូរសប្បាយ ជាមួយគ្នាជាមូលដ្ឋាន ក៏ដូចជាស្វែងរកមុនគេនូវផ្លូវ សម្រាប់រួមគ្នាកសាងសង្គមដ៏ល្អបវរ ដែលប្រកបដោយភាពសម្បូរសប្បាយ ជាមួយគ្នាផងដែរ៕