(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ៨០,៨៣៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកឆ្លងសរុបកើនដល់ ២៩,៤៣៩,៩៨៩នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Times of India នៅថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១។
នេះគឺជាថ្ងៃទី៦ជាប់ៗគ្នាហើយ ដែលប្រទេសឥណ្ឌា បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗក្រោម ១០០,០០០ករណី ក្នុងរយៈពេលជាង ២ខែមកនេះ។ យ៉ាងណាមិញ សម្រាប់ចំនួនអ្នកស្លាប់ប្រចាំថ្ងៃវិញ ហាក់នៅតែខ្ពស់ដដែល ដោយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា មានអ្នកស្លាប់ថ្មីៗដោយសារជំងឺ COVID-19 នៅឥណ្ឌា ចំនួន៣,៣០៣នាក់ ដែលធ្វើឱ្យតួលេខអ្នកស្លាប់សរុប នៅទូទាំងប្រទេសកើនឡើងដល់ ៣៧០,៣៨៤នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៨,០៤៣,៤៤៦នាក់ បានជាសះស្បើយ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេស កាលពីខែមករា ហើយរហូតមកទល់ឥឡូវ ប្រទេសដែលមានប្រជាជនសរុបជាង ១.៣ពាន់លាននាក់នេះ បានចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន សរុបជាង ២៥៣លានដូសហើយ៕