(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៩,៤២៧នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣០៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៣១៥,៨៧៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៤,៩៥៥នាក់ និងជាសះស្បើយឡើងសរុប ២៨,៣៨១,៦២៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។
បើតាមប្រភពព័ត៌មានដែល Reuters ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅក្នុងសប្ដាហ៍នេះបាននិយាយថា ការបរិច្ចាគវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន ៥០០លានដូស ដល់បណ្ដាប្រទេសក្រីក្រនៅជុំវិញពិភពលោក នឹងក្លាយជាការបញ្ចូលថាមពលដ៏អស្ចារ្យមួយ ដើម្បីកម្ចាត់ជំងឺឆ្លងដ៏កាចសាហាវមួយនេះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៣០៦,៥០៩,៧៩៥ដូស ជូនប្រជាជននៅទូទាំងប្រទេស ក្នុងនោះប្រជាជនសរុប ១៧២,៧៥៨,៣៥០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងហោចណាស់មួយដូស និង ១៤២,០៩៥,៥៣០នាក់ បានទទួលការចាក់គ្រប់ដូស៕