Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះករណីបាញ់ប្រហារ នៅរដ្ឋតិចសាស់នៃសហរដ្ឋអាមេរិក បណ្តាលឲ្យមនុស្ស១៤នាក់រងរបួស (Video inside)

13-06-2021 09:39

(វ៉ាស៉ីនតោន)៖ មនុស្សចំនួន១៤នាក់បានទទួលរងរបួស បន្ទាប់ពីបុរស២នាក់បានបើកការបាញ់ប្រហារដាក់គ្នា នៅទីក្រុង Austin នៃរដ្ឋ Texas នាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១។

ប៉ូលិសទីក្រុង Austin បានឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនោះបានកើតឡើង នៅវេលាម៉ោងប្រហែល ០១៖៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃសៅរ៍ ទី១២ ខែមិថុនា នៅតំបន់ផ្លូវលេខ៦ ដែលជាតំបន់កន្លែងកម្សាន្តពេលរាត្រីដ៏អ៊ូអរមួយ ក្នុងទីក្រុងនេះ។ ក្នុងចំណោមជនរងគ្រោះទាំង១៤នាក់ មាន២នាក់របួសធ្ងន់និងកំពុងស្ថិតក្នុងមន្ទីរពេទ្យ ខណៈ១២នាក់ទៀត ស្ថិតនៅសភាពនឹងនរ ហើយពុំមានអ្នកបាត់បង់ជីវិតឡើយ។

គួរបញ្ជាក់ថា ជនសង្ស័យម្នាក់ក្នុងករណីបាញ់ប្រហារខាងលើ ត្រូវប៉ូលិសទីក្រុង Austin ឃាត់ខ្លួនបាន ខណៈម្នាក់ទៀត កំពុងស្ថិតក្រោមការស្វែងរក ដើម្បីឃាត់ខ្លួនដូចគ្នា៕