(បរទេស)៖ ខណៈពេលថ្ងៃទី១២ ខែមិថុនាដែលជា «ទិវាគ្មានពលកម្មកុមារពិភពលោក» បានមកដល់ អង្គការពលកម្មអន្តរជាតិ និងមូលនិធិកុមារអង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍ថ្មីបំផុតបង្ហាញថា នៅឆ្នាំ២០២១ ចំនួនពលកម្មកុមារនៅទូទាំងពិភពលោក បានកើនឡើងជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ។
ព្រមពេលជាមួយគ្នានេះ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីពលកម្មអន្តរជាតិលើកទី ១០៩ ដែលកំពុងបើកធ្វើនៅក្រុងហ្សឺណែវ បញ្ហារបស់សហរដ្ឋអាមេរិក ដូចជាការបង្ខំឱ្យធ្វើពលកម្ម និងឈ្នួលកុមារធ្វើពលកម្មជាដើម បានរងការរិះគន់ជាទូទៅពីសំណាក់អង្គប្រជុំ។ ឥស្សរជនវិភាគជាច្រើនបានសម្គាល់ឃើញថា ក្នុងបញ្ហាដែលពលកម្មកុមារសកល មានភាពកាន់តែធ្ងន់ធ្ងរ ភាគីអាមេរិកមានទទួលខុសត្រូវ ដែលមិនអាចបដិសេធបាន។
តាមស្ថិតិឱ្យដឹងថា បច្ចុប្បន្ននេះសហរដ្ឋអាមេរិកមានពលកម្មកុមារប្រហែលចំនួន ៥សែននាក់ បាននិងកំពុងធ្វើការងារកសិកម្ម។ កាសែត The Washington Post បានផ្សាយដំណឹងឱ្យដឹងថា ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៦ សហរដ្ឋអាមេរិកមានពលកម្មកុមារចំនួន ៤៥២នាក់បានស្លាប់បាត់បង់ជីវិត ដោយសារហានិភ័យការងារ ក្នុងនោះមានពលកម្មកុមារចំនួន ២៣៧នាក់គឺស្លាប់ដោយសារហេតុការណ៍កសិកម្ម។
រឿងអាក្រក់របស់កុមារគ្រាន់តែជាចំណែកតូចមួយ ក្នុងបញ្ហាបំពានសិទ្ធិមនុស្សជាប្រព័ន្ធ របស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ តាមទិន្នន័យបង្ហាញឱ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រជាជនដែលត្រូវជួញដូរពីបរទេស ទៅកាន់សហរដ្ឋអាមេរិក និងត្រូវគេបង្ខំឱ្យធ្វើពលកម្ម មានចំនួនច្រើនជាង ១សែននាក់ ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រដ្ឋចំនួន៥០ទាំងអស់ និងតំបន់ពិសេសកូឡុំប៊ីរបស់សហរដ្ឋអាមេរិក សុទ្ធតែបានរាយការណ៍ពីសំណុំរឿងការបង្ខំឱ្យធ្វើពលកម្ម និងសំណុំរឿងជួញដូរមនុស្ស។
តាមស្ថិតិនៃអង្គការពលកម្មអន្តរជាតិឱ្យដឹងថា ក្នុងចំណោមអនុសញ្ញាសំខាន់ៗចំនួន ៨ នៃអង្គការនេះ សហរដ្ឋអាមេរិកត្រឹមតែបានអនុញ្ញាតអនុសញ្ញាចំនួនពីរ ដែលជារដ្ឋសមាជិកដែលបានអនុញ្ញាតអនុសញ្ញា ចំនួនតិចបំផុត។ ជាងនេះទៅទៀត សហរដ្ឋអាមេរិកក៏ជាប្រទេសដែលមិនបានអនុញ្ញាត «អនុសញ្ញាស្តីពីសិទ្ធិរបស់កុមារនៃអង្គការសហប្រជាជាតិ» តែមួយគត់លើទូទាំងពិភពលោកផងដែរ។
អាចនិយាយបានថា មិនថាសិទ្ធិរបស់ពលករ ឬក៏ការការពារកុមារ សុទ្ធតែបានក្លាយជាឧបករណ៍ត្រូវពលីក្នុង «ករណីលើកលែងរបស់សហរដ្ឋអាមេរិក»។ សហរដ្ឋអាមេរិកអួតអាងថាខ្លួនជា «បង្គោលភ្លើងនៃសិទ្ធិមនុស្ស» នៅលើពិភពលោក ប៉ុន្តែបែរជាមានបញ្ហាបំពានសិទ្ធិពលករជាប្រព័ន្ធជាប់រហូត តាមការពិតនេះជាការឆ្លុះបញ្ចាំងជាក់ស្តែងពី ប្រវត្តិសាស្ត្ររបបទាសករមនុស្សស្បែកខ្មៅនៅតំបន់ខាងជើងរបស់អាមេរិក កាលពីដើមសតវត្សរ៍ទី១៨។
អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិក តែងតែនិយាយពី «ក្បួនច្បាប់» តាមតែមាត់ ហើយក៏ប្រឌិតពាក្យកុហកមួលបង្កាច់ប្រទេសផ្សេងទៀតថា «បង្ខំឱ្យធ្វើពលកម្ម» និង «បំពានសិទ្ធិមនុស្ស» ជាដើម។ ប៉ុន្តែតាមការពិត ប្រទេសដែលមើលងាយក្បួនច្បាប់អន្តរជាតិ និងបំពានសិទ្ធិមនុស្សនោះ គឺសហរដ្ឋអាមេរិកហ្នឹងឯង៕