(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ៨៤,៣៣២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកឆ្លងសរុបកើនដល់ ២៩,៣៥៩,១៥៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ។
នេះគឺជាថ្ងៃទី៥ជាប់ៗគ្នាហើយ ដែលប្រទេសឥណ្ឌា បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗក្រោម ១០០,០០០ករណីក្នុងរយៈពេលជាង ២ខែមកនេះ។ ប៉ុន្តែចំនួនអ្នកស្លាប់ ប្រចាំថ្ងៃនៅតែខ្ពស់ដដែល ដោយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា មានការរាយការណ៍ពីអ្នកស្លាប់ថ្មីៗដោយសារជំងឺ COVID-19 ចំនួន ៤,០០២នាក់ដែលធ្វើឱ្យ ចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ៣៦៧,០៨១នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៧,៩១១,៣៨៤នាក់បានជាសះស្បើយ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេសកាលពីខែមករា ហើយរហូតមកទល់ពេលនេះ ប្រទេសដែលមានប្រជាជនសរុបជាង ១.៣ពាន់លាននាក់នេះ បានចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន សរុបយ៉ាងហោចជាង ២៤៤លានដូសហើយ៕