(ញូដេលី)៖ ក្រុមហ៊ុនស្រាវជ្រាវឥណ្ឌា ម៉ាយឡេប (Mylab Discovery Solutions) បានបង្ហាញក្ដីសង្ឃឹមថា ឧបករណ៍ធ្វើតេស្ដរក COVID-19 ផលិតនៅក្នុងស្រុក និងមានតម្លៃសមរម្យរបស់ខ្លួន អាចនឹងចូលរួមចំណែកជួយប្រទេសអាស៊ីខាងត្បូង ដែលមានប្រជាជនជាង ១.៣ពាន់លាននាក់មួយនេះ ទប់ស្កាត់ការជំងឺឆ្លងរាតត្បាត COVID-19 ប្រកបដោយប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១។
ឧបរកណ៍ធ្វើតេស្ដមានឈ្មោះ ខូវីស៊ែហ្វ (CoviSelf) របស់ក្រុមហ៊ុន ម៉ាយឡេប ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីដើមខែមិថុនានេះ ហើយវាជាឧបករណ៍ធ្វើតេស្ដរក COVID-19 ផលិតនៅក្នុងស្រុកដំបូងគេបំផុត ទទួលបានការអនុម័តឱ្យប្រើប្រាស់ នៅក្នុងប្រទេសឥណ្ឌា។ បើតាមក្រុមហ៊ុនឥណ្ឌាមួយនេះ CoviSelf ត្រូវបានដាក់លក់ក្នុងមួយគ្រឿងមានតម្លៃ ២៥០រូពី ឬស្មើនឹង ៣.៤០ដុល្លារ។
គួរបញ្ជាក់ថា ឧបរកណ៍ធ្វើតេស្ដ CoviSelf របស់ក្រុមហ៊ុន ម៉ាយឡេប មានភ្ជាប់ជាមួយប្រដាប់យកសំណាកតាមរន្ធច្រមុះ និងស្កែន QR code ភ្ជាប់ជាមួយកម្មវិធីនៅលើទូរស័ព្ទដៃ។ ឧបករណ៍នេះអាចបង្ហាញលទ្ធផលធ្វើតេស្ដក្នុងរយៈពេល ១៥នាទី ព្រមទាំងបញ្ជូនព័ត៌មានលម្អិត ទៅកាន់ក្រុមប្រឹក្សារដ្ឋឥណ្ឌា សម្រាប់ការស្រាវជ្រាវវេជ្ជសាស្ត្រ៕