(ប្រាស៊ីលីយ៉ា)៖ ប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានទាស់សម្ដីគ្នាសាជាថ្មី ជាមួយក្រុមអ្នករិះគន់ការដឹកនាំរបស់លោក នៅថ្ងៃសុក្រសប្ដាហ៍នេះ
កំឡុងការបំពេញដំណើរទស្សនកិច្ចមួយ ទៅកាន់រដ្ឋភាគអាគ្នេយ៍នៃប្រទេស ដោយចំអកថាក្រុមអ្នករិះគន់រូបលោក «សមតែជិះសត្វលា»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១។
លោក Jair Bolsonaro បានបំពេញដំណើរទស្សនកិច្ច តាមយន្ដហោះទៅកាន់រដ្ឋ អ៊ែស្ប៉ាយរីតូ សាន់តូ (Espirito Santo) ដើម្បីចូលរួមក្នុងពិធីសម្ពោធគម្រោងមួយរបស់រដ្ឋ ហើយគ្រាន់តែចុះពីលើយន្ដហោះ លោកបាននិយាយពាក្យ «សួស្ដី» ភ្លាមៗទៅកាន់ក្រុមអ្នកគាំទ្រ។ ក៏ប៉ុន្តែព្រមពេលជាមួយ បើតាមវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ក្រុមអ្នករិះគន់ មួយចំនួនបានលើក «ម្រាមដៃកណ្ដាល» ដាក់រូបលោក និងនិយាយពាក្យថា «ចុះចេញទៅ Bolsonaro!» ដែលនេះចង់សំដៅទៅបរាជ័យរបស់លោក Bolsonaro ក្នុងការដោះស្រាយវិបត្តិ COVID-19 ដែលបានផ្ដាច់ជីវិតប្រជាជនប្រេស៊ីលច្រើនជាង ៤៨០,០០០នាក់។
ជាការឆ្លើយតប លោក Bolsonaro បានក៏បាននិយាយបែបចំអក ដាក់ក្រុមអ្នករិះគន់ទាំងនោះវិញផងដែរថា «ក្រុមមនុស្សដែលនិយាយពាក្យថា ចុះចេញទៅ Bolsonaro! ពួកគេសមណាស់តែធ្វើដំណើរ ដោយជិះសត្វលាទើបត្រូវ»។
គួរបញ្ជាក់តាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលថា លោក Jair Bolsonaro ត្រូវបានគេប្រទះឃើញបានដោះម៉ាសចេញជាច្រើនលើក នៅឯអាកាសយានដ្ឋានក្នុងរដ្ឋ Espirito Santo ដែលនេះជាទង្វើបំពានលើវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ COVID-19។ តែការិយាល័យប្រធានាធិបតីប្រេស៊ីល មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឆ្លើយតប ទៅនឹងបញ្ហានេះឡើយ៕