(សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានអំពាវនាវឱ្យមានការពង្រឹងសមត្ថភាពយោធាឱ្យកាន់តែខ្លាំងក្លា និងប្រុងជើងការខ្ពស់ ប្រឈមមុខនឹងស្ថានការណ៍មិនច្បាស់លាស់នៅលើតំបន់ឧបទ្វីបកូរ៉េ នាពេលបច្ចុប្បន្ន។ នេះបើតាម KCNA ដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា លោក គីម ជុងអ៊ុនធ្វើការអំពាវនាវខាងលើកំឡុងដឹកនាំកិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិមមួយ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ហើយលោកប្រមុខ គីម ក៏បានជំរុញឱ្យយោធាកូរ៉េខាងជើងស្ថិតនៅក្នុងស្ថានភាពប្រុងជើងការខ្ពស់ផងដែរដោយសំអាងលើការផ្លាស់ប្ដូរស្ថានភាពយ៉ាងឆាប់រហ័សនៅលើតំបន់ឧបទ្វីបកូរ៉េ។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះមិនបានបញ្ជាក់លម្អិតថាតើលោក គីម ចង់ផ្ដោត ទៅលើការពង្រឹងសមត្ថភាព ឬសកម្មភាពយោធាណាមួយឱ្យប្រាកដឡើយ។
គួរបញ្ជាក់ថា ការអំពាវនាវរបស់លោក គីម ជុងអ៊ុនកើតមានឡើង នៅមុនកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើងដែល គ្រោងនឹងធ្វើឡើងនៅក្នុងខែមិថុនានេះ ជាពេលដែលគេរំពឹងថាលោក គីម អាចនឹងថ្លែងសារ ឬដាក់ចេញយុទ្ធសាស្ត្រថ្មីៗជុំវិញគោលនយោបាយចំពោះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕