(ឌូប៉ៃ)៖ សម័យប្រជុំមហាសន្និបាតលើកទី៧៥ ដែលបានធ្វើឡើងនៅទីក្រុងញូវយ៉កនៅថ្ងៃសុក្រនេះ បានសម្រេចបោះឆ្នោតជ្រើសរើសសមាជិកមិនអចិន្ត្រៃយ៍ថ្មី នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន៥ ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៉ិនហួរ នៅយប់ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។
ប្រទេសអារ៉ាប់រួម រួមជាមួយប្រទេសចំនួន០៤ផ្សេងទៀត ក្នុងនោះរួមមានប្រទេសអាល់បានី ប្រេស៊ីល ហ្គាបុង និងហ្គាណា ត្រូវបានជ្រើសរើសឲ្យក្លាយជាសមាជិកមិនអចិន្ត្រៃយ៍ ជំនួសសមាជិកមិនអចិន្ត្រៃយ៍មានស្រាប់នៃប្រទេសចំនួន៥ដែលរួមមាន អេស្តូនី, នីហ្សេរីយ៉ា, សាំងវ៉ាំងសង់និងហ្គ្រីណាឌីន, ទុយនីស៊ី, និងវៀតណាម សម្រាប់អាណត្តិឆ្នាំ ២០២២-២០២៣ ខាងមុខនេះ។
មហាសន្និបាតបានធ្វើការបោះឆ្នោតជ្រើសរើសប្រទេសចំនួន៥ ដើម្បីទទួលបានអាសនៈក្រុមប្រឹក្សាសន្តិសុខ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូល សម្រាប់អាណត្តិពីរឆ្នាំ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
សូមបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាសន្តិសុខមានសមាជិកចំនួន ១៥ប្រទេស ដែលក្នុងនោះមាន៥ប្រទេសជាសមាជិកអចិន្រ្តៃយ៍ រួមមាន អង់គ្លេស, ចិន, បារាំង, រុស្ស៊ី, និងសហរដ្ឋអាមេរិក រួមជាមួយសមាជិកមិនអចិន្ត្រៃយ៍ចំនួន១០ប្រទេសផ្សេងទៀត ដែលត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជ្រើសរើសនិងបែងចែកទៅតាមតំបន់ភូមិសាស្ត្រ ក្នុងនេះប្រទេសចំនួន៥ នឹងជំនួសរៀងរាល់១ឆ្នាំម្តង។