(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះបានសម្រេចលុបចោលបទបញ្ជាប្រតិបត្តិសល់ពីជំនាន់លោក ដូណាល ត្រាំ ដែល ប៉ុនប៉ងបិទការប្រើប្រាស់កម្មវិធី TikTok និង WeChat នៅក្នុងសហរដ្ឋអាមេរិក។ ការសម្រេចចិត្តរបស់លោក បៃដិនធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី ព្រឹទ្ធសភាអាមេរិកអនុម័តកញ្ចប់ថវិកា ២៥០ពាន់លានដុល្លារដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវ និងការអភិឌ្ឍន៍បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកប្រឈមមុខ នឹងការប្រជែងរឹតតែខ្លាំងឡើងពីចិន។

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែសីហា ឆ្នាំ២០២០ បានចេញបទបញ្ជាប្រតិបត្តិរារាំងអ្នកប្រើប្រាស់ថ្មីទាញយក ឬដោនឡូត ក៏ដូចជា ហាមមិនឱ្យក្រុមហ៊ុនអាមេរិកទាំងអស់រកស៊ីជាមួយក្រុមហ៊ុនចិន ByteDance ដែលជាម្ចាស់ TikTok និងក្រុមហ៊ុនចិន Tencent ជាម្ចាស់ WeChat ដោយចោទថា ក្រុមហ៊ុនចិនទាំង២នេះបង្កការគំរាមហែងដល់សន្តិសុខជាតិអាមេរិក តាមរយៈការចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។

TikTok និង WeChat ដែលតែងតែច្រានចោលការចោទប្រកាន់របស់លោក ត្រាំ មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយជុំវិញការសម្រេចចិត្តរបស់លោក បៃដិន តែ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បានបង្ហាញការសាទរដោយនិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ថារដ្ឋបាលលោក ចូ បៃដិនបានបោះជំហានមួយប្រកបដោយភាពវិជ្ជមាននៅលើផ្លូវដ៏ត្រឹមត្រូវ ហើយលោកសង្ឃឹមថាសហរដ្ឋអាមេរិកនឹងមានភាពយុត្តិធម៌ចំពោះ ក្រុមហ៊ុនចិន និងចៀសវាងការយកនយោបាយមកលាយឡំជាមួយបញ្ហាសេដ្ឋកិច្ចព្រមទាំងពាណិជ្ជកម្ម។

យ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់លោក ចូ បៃដិន មិនមែនមានន័យថាលោកអនុញ្ញាតឱ្យ TikTok និង WeChat គេចផុតពីបញ្ជីខ្មៅរបស់អាមេរិកនោះទេ ប៉ុន្តែបើសិនជារកឃើញភស្តុតាងជាក់ស្ដែងថាក្រុមហ៊ុនទាំង២នេះ ឬក៏ក្រុមហ៊ុនបច្ចេកវិទ្យាចិនដទៃគំរាមកំហែងដល់សន្តិសុខជាតិអាមេរិកមែន នោះលោក បៃដិន អាចនឹងទម្លាក់កញ្ចប់ទណ្ឌកម្មសាជាថ្មីដែលអាចធ្ងន់ធ្ងរជាងជំនាន់លោក ត្រាំ ក៏ថាបាន។

*តើមានអ្វីខុសគ្នារវាងលោក បៃដិន និងលោក ត្រាំ?

ពិតមែនទៅ ទាំងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិនមើលឃើញដូចគ្នាថាការកើនឡើងឥទ្ធិពល និងសមត្ថភាពខាងបច្ចេកវិទ្យារបស់ចិនគឺជាការគំរាមកំហែង ដល់សន្តិសុខជាតិ និងផលប្រយោជន៍អាមេរិក ទាស់ខុសគ្នានៅត្រង់យុទ្ធសាស្ត្រ ឬវិធីសាស្ត្រដោះស្រាយជាមួយចិនតែប៉ុណ្ណោះ។ បញ្ហា TikTok របស់លោក ត្រាំ បច្ចុបន្ន គឺជាបញ្ហា TikTok របស់លោក បៃដិន ឬអាចនិយាយម្យ៉ាងទៀតបានថាប្រធានាធិបតីផ្សេងគ្នា វិធីសាស្ត្រដោះស្រាយក៏ខុសគ្នាដែរ។ យុទ្ធសាស្ត្រដែល លោក ត្រាំបានប្រើក្នុងនោះរួមមានទាំងការចេញបម្រាមលើ TikTok និង WeChat ត្រូវបានគេមើលឃើញថាមានប្រសិទ្ធភាព និងបង្ហាញពីភាពខ្លាំងតែមួយឆាវ ប៉ុណ្ណោះ ហើយថែមទាំងបង្កភាពស្មុគស្មាញទៀតផង។

អតីតក្រុមមន្ត្រីពាណិជ្ជកម្មក្រោមជំនាន់លោក ដូណាល់ ត្រាំបានឱ្យដឹងថានៅពេលដែលលោក ត្រាំចេញបទបញ្ជាប្រតិបត្តិ វាមើលទៅហាក់ដូចជាលោក បានកំណត់នៅក្នុងចិត្តរួចទៅហើយថា TikTok ឬ WeChat គំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ទោះបីជាមិនមានភស្តុតាងរឹងមាំក៏ដោយ។ ពោលគឺលោក ត្រាំ ចេញបទបញ្ជាជាមុន ហើយទើបបង្គាប់ឱ្យក្រសួងពាណិជ្ជកម្មអាមេរិកស្វែងរកភស្តុតាងមកគាំទ្រការសម្រេចចិត្តរបស់លោកតាមក្រោយ។ ផ្ទុយពីលោក ត្រាំ មុននឹងចេញបទបញ្ជាប្រតិបត្តិ លោក បៃដិនបានបញ្ជាឱ្យក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកមកពីក្រសួងពាក់ព័ន្ធនានារៀបចំរបាយការណ៍ មុននឹងធ្វើការសន្និដ្ឋាន ចុងក្រោយថាតើ TikTok ឬ WeChat បានធ្វើអ្វីខ្លះ ហើយថាតើលោកត្រូវធ្វើអ្វីខ្លះចំពោះក្រុមហ៊ុនចិនទាំង២?

បើតាមបទបញ្ជាប្រតិបត្តិថ្មីរបស់លោក ចូ បៃដិន ក្រសួងពាណិជ្ជកម្មអាមេរិកត្រូវប្រមូលភស្តុតាង, វិភាគ និងត្រួតពិនិត្យឡើងវិញឱ្យបានហ្មត់ចត់លើរាល់កម្មវិធី នានាដែលអភិវឌ្ឍ ឬជាកម្មសិទ្ធិរបស់បុគ្គល ឬក៏ក្រុមហ៊ុនណាមួយដែលមានទំនាក់ទំនងជាមួយប្រទេសជាគូបដិបក្ខរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំង ចិនតែម្ដង។ លើសពីនេះទៅទៀត បទបញ្ជាថ្មីបានបង្គាប់ឱ្យក្រសួងពាណិជ្ជកម្មអាមេរិកត្រូវផ្ដល់របាយការណ៍ដំបូងរបស់ខ្លួនត្រឡប់មកវិញក្នុងរយៈពេល១២០ថ្ងៃ ហើយក៏តម្រូវឱ្យនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ និងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ វាយតម្លៃពីការគំរាមកំហែងទាំងឡាយដែលបង្កឡើងដោយក្រុមហ៊ុន បច្ចេកវិទ្យាចិន ឬក្រុមហ៊ុនបរទេសដទៃទៀតផងដែរ។

*ផ្ញើសារដាស់សម្ពន្ធមិត្ត

ការសម្រេចចិត្តលុបចោលបម្រាបរបស់លោក ដូណាល់ ត្រាំ លើ TikTok និង WeChat មិនត្រឹមតែជាសារមួយដែលលោក បៃដិនចង់ផ្ញើឱ្យចិនប៉ុណ្ណោះទេ តែក៏ជា សារដាស់សម្ពន្ធមិត្តអាមេរិកនៅជុំវិញពិភពលោកដែរថា យុទ្ធសាស្ត្រ ឬវិធីសាស្ត្រដោះស្រាយជាមួយចិនរបស់លោក មិនដូចគ្នាទៅនឹងយុទ្ធសាស្រ្តបង្ករឿងឈ្លោះ ដូចសម័យលោក ត្រាំនោះទេ។ ធ្វើបែបនេះគឺលោក ចូ បៃដិនចង់បង្ហាញថាវិធីសាស្ត្ររបស់លោក ឈរលើមូលដ្ឋានយុទ្ធសាស្ត្រច្បាស់លាស់ និងប្រកបដោយភាព សមហេតុផលដើម្បីស្ដារទំនុកចិត្តឡើងវិញពីបណ្ដាប្រទេសជាសម្ពន្ធមិត្តអាមេរិក បន្ទាប់ពីល្អក់កករនឹងគ្នានៅក្រោមការដឹកនាំរបស់លោក ត្រាំ។

រយៈពេល៤ឆ្នាំនៃការដឹកនាំរបស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកតែងតែដាក់សម្ពាធ និងបង្ខំឱ្យប្រទេសជាសម្ពន្ធមិត្តដើរតាមខ្លួននៅក្នុងនយោបាយប្រឆាំង ចិនជាចំហដែលនេះបានបង្កឱ្យមានការមិនទុកចិត្តគ្នា ហើយផ្ដល់ឱកាសឱ្យចិន និងរុស្ស៊ីទាញយកប្រយោជន៍ទៅវិញ។ ជាឧទាហរណ៍ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្លាប់បានប្រាប់អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែលថាលោកពិតជាសង្ឃឹមថាអឺរ៉ុបទាំងមូលអាចនឹងដើរតាមយុទ្ធសាស្ត្ររបស់ខ្លួន ដោយឯករាជ្យ មិនស្ថិតនៅក្រោមសម្ពាធពីអាមេរិក។

គួរបញ្ជាក់ថា លោក ចូ បៃដិន តែងតែអះអាងជារឿយៗថាការយុទ្ធសាស្ត្រដោះស្រាយជាមួយចិន នោះគឺធ្វើការរួមគ្នាជាមួយសម្ព័ន្ធមិត្តអាមេរិក។ ដូច្នេះតាមរយៈ ដើម្បីអាចស្ដារទំនុកចិត្តពីសម្ពន្ធមិត្តមកវិញ លោកមានត្រូវតែលុបចោលបម្រាមលើ TikTok និង WeChat ដែលបន្សល់ទុកពីរដ្ឋបាលលោក ត្រាំជាមុនសិន ហើយ ទើបធ្វើយ៉ាងណារកភស្តុតាងមកបញ្ជាក់ប្រាប់ពួកគេថាក្រុមហ៊ុនបច្ចេកវិទ្យាចិនពិតជាគំរាមហែងដល់សន្តិសុខជាតិរបស់ពួកគេ ជាជាងប្រើវោហារ ឬដាក់សម្ពាធ បង្ខំឱ្យសម្ពន្ធមិត្តដើរតាមដោយមិនមានភស្តុតាងច្បាស់លាស់មកបង្ហាញដូចដែលលោក ត្រាំបានធ្វើ។ ធ្វើដូចនេះ បើសិនជាមានភស្តុតាពិតប្រាកដមែន ទើបអាមេរិកងាយស្រួលបញ្ចុះបញ្ចូលឱ្យសម្ពន្ធមិត្តចូលរួមជាមួយខ្លួនដាក់ទណ្ឌកម្ម ឬសម្ពាធលើចិន៕

ប្រភព៖ Bloomberg (ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១)។