Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស៉ី ជិនពីង ផ្ញើសារអបអរលោក Khurelsukh ដែលជាប់ឆ្នោតជាប្រធានាធិបតីម៉ុងហ្គោលី ​​​​(Video inside)

11-06-2021 18:19

(ប៉េកាំង)៖ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៉ី ជិនពីង នៅថ្ងៃសុក្រនេះបានផ្ញើសារអបអរសាទរដល់លោក អ៊ូខាណា ឃូរែលស៊ូក (Ukhnaa Khurelsukh) ដែលបានជាប់ឆ្នោតជាប្រធានាធិបតីម៉ុងហ្គោលី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងសារអបអរសាទរនោះ លោក ស៊ី បានថ្លែងថា ប្រទេសចិន និងប្រទេសម៉ុងហ្គោលី គឺជាអ្នកជិតខាងដ៏រួសរាយរាក់ទាក់ និងជាដៃគូសហប្រតិបត្តិការដ៏ស្មោះត្រង់ ដែលប្រៀបបានទៅដូចជាភ្នំ និងទន្លេ។ នាពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រក្សាបាននូវសន្ទុះដ៏ល្អប្រសើរណាស់។

លោក ស៊ី បានមានប្រសាសន៍បន្ថែមថា ចាប់តាំងពីមានការផ្ទុះឡើងនូវការឆ្លងរីករាលដាលនៃជំងឺ COVID-19 រដ្ឋាភិបាលចិន និងម៉ុងហ្គោលី ព្រមទាំងប្រជាជននៃប្រទេសទាំងពីរ បានងើបឈរឡើង និងរួបរួមគ្នាល្អណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតដ៏កាចសាហាវនេះ ហើយពិតជាទទួលបានលទ្ធផលល្អគាប់ប្រសើរមែន។

លោក ស៊ី ជិនពីង បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងចិន-ម៉ុងហ្គោលី ហើយក៏ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយលោក Khurelsukh ដើម្បីដឹកនាំភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងម៉ុងហ្គោលីឱ្យមានភាពរីកចម្រើនថ្មីៗទៅមុខឥតឈប់ឈរ។

គួរបញ្ជាក់ថា លោក Ukhnaa Khurelsukh ដែលជាអតីតនាយករដ្ឋមន្ត្រីម៉ុងហ្គោលី បានជាប់ឆ្នោតជាប្រធានាធិបតី នៃប្រទេសនេះក្នុងការបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយទទួលបានសំឡេងគាំទ្ររហូតដល់ជិត ៧០%។ លោក Ukhnaa Khurelsukh ត្រូវបានបង្ខំឲ្យលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី កាលពីដើមឆ្នាំ២០២១ បន្ទាប់ពីផ្ទុះការតវ៉ាមួយ៕