(ប៉េកាំង)៖ យោងតាមព័ត៌មានដែលត្រូវបានចេញផ្សាយ នៅលើវេបសាយផ្លូវការនៃសេតវិមានអាមេរិក នាពេលថ្មីៗកន្លងទៅនេះ បានឱ្យដឹងថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់សហគ្រាសចិនចំនួន៥៩ ក្នុងនោះបូករួមទាំងក្រុមហ៊ុន Huawei ក្រុមហ៊ុន SMIC និងក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអវកាសចិនគ្រុបជាដើម ទៅក្នុងបញ្ជីខ្មៅនៃការវិនិយោគ ដោយយកការឆ្លើយតបនឹងសហគ្រាសឧស្សាហកម្មយោធាចិន ធ្វើជាលេសព្រមទាំងហាមមិនឱ្យអង្គភាពអាមេរិក ធ្វើការជួញដូរជាមួយសហគ្រាសចិនចំនួ ៥៩ ទោះតាមទម្រង់ណាក៏ដោយ។
ពីការបញ្ជាឱ្យស្ថាប័នស៊ើបការណ៍ធ្វើការស៊ើបអង្កេត អំពីប្រភពដើមនៃវីរុសកូវីដ១៩ ការទាមទារឱ្យប្រទេសចិនចូលរួមការស៊ើបអង្កេតអន្តរជាតិ ដល់ការដាក់ទណ្ឌកម្មលើសហគ្រាសចិនចំនួន៥៩ នាពេលថ្មីៗកន្លងទៅនេះ អាមេរិកបានអូសទាញប្រទេសជាសម័្ពន្ធមិត្ត ឱ្យអនុវត្តអ្វីដែលហៅថា «ការដាក់ទណ្ឌកម្ម» ទៅលើស្ថាប័នជាតិ អង្គការនិងបុគ្គលិកការងារពាក់ព័ន្ធរបស់ប្រទេសចិន ដោយយកបញ្ហាពាក់ព័ន្ធនឹងស៊ីជាំងនិងហុងកុងធ្វើជាលេស។ ក្នុង «បញ្ជីដាក់ទណ្ឌកម្ម» នេះ បូករួមទាំង អង្គភាពមួយចំនួន ដូចជា អង្គភាពផលិតកម្មនិងការស្ថាបនាស៊ីនជាំងនិងក្រុមហ៊ុន Huawei ជាដើម ជាងនេះទៅទៀត ក៏បូករួមទាំងប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង និងកម្មាភិបាលសំខាន់ៗនៃភូមិភាគស្វយ័តជនជាតិវីវូអឺស៊ីនជាំង រហូតដល់អនុប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនផងដែរ។
ដើម្បីឆ្លើយតបនឹងការវាយប្រហារនិង «ការដាក់ទណ្ឌកម្ម» ដែលមកពីខាងក្រៅ ប្រទេសចិនក៏បានអនុវត្តការដាក់ទណ្ឌកម្មតបតវិញជាបន្តបន្ទាប់ ចំពោះអង្គភាពនិងបុគ្គលមួយចំនួន ដូចជា លោក Marco Antonio Rubio និងលោក Ted Cruz សមាជិកព្រឹទ្ធសភាអាមេរិក ដែលបានប្រកាន់គោលជំហរប្រឆាំងចិនជាប់រហូតមក លោក Adrian Zenz ជនជាតិអាល្លឺម៉ង់ដែលបានលាបព័ណ៌និងមួលបង្កាច់តំបន់ស៊ីនជាំង ក្នុងរយៈពេលជាយូរព្រមទាំងគណៈកម្មការសិទ្ធិមនុស្សនៃសភាអឺរ៉ុប និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីប្រទេសចិន MERICS នៃអាល្លឺម៉ង់ជាដើម ។
នាពេលបច្ចុប្បន្ននេះ មធ្យោបាយរបស់ចិនសម្រាប់ឆ្លើយតបនឹង ការដាក់ទណ្ឌកម្មដែលមកពីខាងក្រៅ ភាគច្រើនបានអនុវត្តតាមទម្រង់នៃបទបញ្ជាប្រតិបត្តិ ហើយមធ្យោបាយច្បាប់ពាក់ព័ន្ធនៅតែមិនគ្រប់គ្រាន់នោះទេ។ ដូច្នេះ ប្រទេសចិនត្រូវការជាបន្ទាន់នូវច្បាប់ពាក់ព័ន្ធមួយ ដើម្បីផ្តល់ការគាំទ្រនិងការធានាផ្នែកច្បាប់ដល់ វិធានការប្រឆាំងនឹងការដាក់ទណ្ឌកម្ម។ កាលពីថ្ងៃទី១០ ខែមិថុនា កិច្ចប្រជុំលើកទី ២៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ បានបោះឆ្នោតអនុម័តលើ «ច្បាប់ប្រឆាំងនឹងការដាក់ទណ្ឌកម្មបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន»។
ប៉ុន្មានឆ្នាំកន្លងទៅនេះ អាមេរិកនិងប្រទេសលោកខាងលិចមួយចំនួន បានដើរកាន់តែឆ្ងាយទៅៗ តាមឯកតោភាគីនិយម ពួកគេបានជ្រៀតជ្រែកយ៉ាងគឃ្លើន នូវកិច្ចការផ្ទៃក្នុងរបស់ចិនដោយយក បញ្ហាហុងកុងនិងស៊ីនជាំងជាដើមធ្វើជាលេស ហើយអ្វីដែលហៅថា «ការដាក់ទណ្ឌកម្ម» ទៅលើប្រទេសចិនក៏បានកើនឡើងជាបណ្តើរៗផងដែរ។ ក្នុងបរិបទបែបនេះ ការដាក់ចេញនូវ «ច្បាប់ប្រឆាំងនឹងការដាក់ទណ្ឌកម្មបរទេស» មានភាពចាំបាច់ណាស់ ដែលបានឆ្លើយតបដោយសមហេតុសមផល នូវបញ្ហាប្រឈមនិងហានិភ័យ ដែលបង្កឡើងដោយកម្លាំងខាងក្រៅ។
សូមយកអាមេរិកធ្វើជាឧទាហរណ៍ ឆ្លងតាមរយៈការអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ អាមេរិកបានបង្កើតជាប្រព័ន្ធច្បាប់សម្រាប់ ការដាក់ទណ្ឌកម្មនិងប្រឆាំងនឹងការដាក់ទណ្ឌកម្ម។ តាមពិតទៅ ច្បាប់និងការកំណត់ពាក់ព័ន្ធជាច្រើនរបស់អាមេរិក សុទ្ធតែមានខ្លឹមសារស្តីពីការប្រើប្រាស់ «អំណាចដៃវែង» ល្គឹកណាដែលមានតម្រូវការ នោះក៏អាចប្រើប្រាស់បានគ្រប់ពេលវេលា។
ក្រោមគំនិតអនុត្តរភាពរបស់អាមេរិក ដែលអនុវត្តការដាក់ទណ្ឌកម្មលើប្រទេសដទៃទៀត តាមតែទំនើងចិត្ត សហភាពអឺរ៉ុបបានអនុម័តលើ ច្បាប់ពាក់ព័ន្ធកាលពីឆ្នាំ១៩៩៦ ក្នុងគោលបំណងទប់ស្កាត់និងបំបាត់ចោលឥទ្ធិពលអវិជ្ជមាន ចំពោះសហភាពអឺរ៉ុបដែលបណ្តាលមកពី ការដាក់ទណ្ឌកម្មរបស់អាមេរិក។ យោងតាមច្បាប់នេះ ប្រសិនបើការដាក់ទណ្ឌកម្មទៅលើប្រទេសដទៃទៀតរបស់អាមេរិក ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់សហគ្រាសនៃសហភាពអឺរ៉ុប នោះសហគ្រាសនៃសហភាពអឺរ៉ុបមិនបាច់ គោរពតាមសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មពាក់ព័ន្ធនោះទេ ហើយក៏អាចទារសំណងពីការខូចខាតពាក់ព័ន្ធផងដែរ។
សូមរំលឹកថា ប្រទេសរុស្ស៊ីក៏បានអនុម័តលើច្បាប់ប្រឆាំងនឹង ការដាក់ទណ្ឌកម្មបរទេសពាក់ព័ន្ធកាលពីខែមិថុនា ឆ្នាំ២០១៨ ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍របស់ប្រទេសនិងពលរដ្ឋ មិនឱ្យទទួលរងការរំលោភបំពានពីសកម្មភាពអមិត្ត របស់ប្រទេសមួយចំនួន ដូចជាអាមេរិកជាដើម។ ដោយឡែកកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ សភាអ៊ីរ៉ង់បានអនុម័តដោយសម្លេងគាំទ្រខ្ពស់ នូវគោលការណ៍សំខាន់នៃ «សេចក្តីព្រាងច្បាប់យុទ្ធសាស្រ្តស្តីពីការប្រឆាំងនឹងការដាក់ទណ្ឌកម្មបរទេស» ក្នុងគោលបំណងតបតនឹង ការដាក់ទណ្ឌកម្មរបស់អាមេរិក និងប្រទេសលោកខាងលិច។
ក្នុងនាមជាប្រទេសមហាអំណាចដើមឡើយ អាមេរិកគួរតែរ៉ាប់រងទំនួលខុសត្រូវ និងកាតព្វកិច្ចអន្តរជាតិពាក់ព័ន្ធ ប៉ុន្តែបែរជាចចេសអនុវត្តគោលការណ៍ស្តីពី «ការតម្កល់ទុកផលប្រយោជន៍អាមេរិកមុនគេ» និងផ្សព្វផ្សាយឯកតោភាគីនិយម។ សហរដ្ឋអាមេរិកបានក្លាយជា អ្នកបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិធំបំផុត នាពេលបច្ចុប្បន្ននេះ។
បើមើលពីទង្វើរបស់រដ្ឋាភិបាលអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ អាចឃើញថា អាមេរិកយ៉ាងហោចណាស់មាន «ទោសកំហុសចំនួន ៧ករណី» ក្នុងការគំរាមកំហែងដល់សន្តិសុខសកល ពោលគឺជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងគំរាមកំហែងដល់សន្តិសុខនយោបាយសកល គំរាមកំហែងដល់សន្តិសុខសេដ្ឋកិច្ចសកល តាមរយៈមធ្យបាយដាក់ទណ្ឌកម្ម ងប់ងល់នឹងការប្រកួតប្រជែងខាងសព្វាវុធ និងគំរាមកំហែងដល់សន្តិសុខយោធាសកល រារាំងដល់ដំណើរកាត់បន្ថយការបញ្ចេញសារធាតុបំពុល និងគំរាមកំហែងដល់សន្តិសុខអេកូឡូស៊ីសកល អនុវត្តអនុត្តរភាពផែ្នកវប្បធម៌ និងគំរាមកំហែងដល់សន្តិសុខវប្បធម៌សកល អនុវត្តការឃ្លាំមើលតាមបណ្តាញអ៊ីនធើណេត និងគំរាមកំហែងដល់សន្តិសុខទិន្នន័យសកល ព្រមទាំងបំផ្លិចបំផ្លាញដល់កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងគំរាមកំហែងដល់សន្តិសុខសុខាភិបាលជាសកល។
ប្រឈមនឹងសំណូពរថ្មីសម្រាប់អនុវត្តគោលនយោបាយបើកទូលាយ ចំពោះបរទេសប្រកបដោយកម្រិតកាន់តែខ្ពស់ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ពួកយើងត្រូវតែពង្រីកបន្ថែមទៀត នូវការប្រាស្រ័យទាក់ទងជាមួយក្រៅប្រទេស ទៅដល់វិស័យជាច្រើន ដូចជា សន្តិសុខជាតិ វប្បធម៌និងសង្គមជាដើម។ ដូច្នេះការដាក់ចេញ «ច្បាប់ប្រឆាំងនឹងការដាក់ទណ្ឌកម្មបរទេស» នេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាប្រក្រតីរវាងចិននិងបណ្តាប្រទេសនានា នៅលើពិភពលោកនោះឡើយ។ ប្រការនេះមិនត្រឹមតែអាចផ្តល់ការធានាដល់ សេដ្ឋកិច្ចសកលប្រកបដោយស្ថិរភាព និងភាពបើកទូលាយប៉ុណ្ណោះទេ ថែមទាំងក៏អាចធានាដល់សន្តិសុខអធិបតេយ្យភាព និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួនផងដែរ។
«ច្បាប់ប្រឆាំងនឹងការដាក់ទណ្ឌកម្មបរទេស» នេះមិនមែនប៉ុនប៉ងចង់រំលោភអំណាចនោះទេ តែគឺដើម្បីបញ្ចេញសញ្ញាដែលមានឥទ្ធិពលកំញើញយ៉ាងខ្លាំង ដល់មនុស្សដែលទប់ស្កាត់ការអភិវឌ្ឍរបស់ចិនទាំងនោះ។ អ្នកណាម្នាក់ដែលចង់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងជ្រៀតជ្រែកការអភិវឌ្ឍរបស់ចិន សុទ្ធតែនឹងទទួលរងការប្រឆាំងយ៉ាងខ្លាំងក្លា និងការដាក់ទណ្ឌកម្មពីសំណាក់ប្រជាជនចិន៕