(ប៉េកាំង)៖ អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៅប្រទេសចិន លោក ម៉ា ហ៊្សាវក្វាង (Ma Xiaoguang) នៅថ្ងៃសុក្រនេះបានសម្តែងនូវការប្ដេជ្ញាចិត្ត ក្នុងការព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីជួយជនរួមជាតិនៅកោះតៃវ៉ាន់ លើការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។
លោក Ma Xiaoguang បានគូសបញ្ជាក់ថា ជនរួមជាតិនៅកោះតៃវ៉ាន់ដែលធ្វើដំណើរទៅកាន់ចិនដីគោក តាមជើងហោះហើរអ្នកដំណើរស៊ីវិល អាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទីនោះបានដោយការស្ម័គ្រចិត្ត ដរាបណាពួកគេបានបំពេញតាមបែបបទ នៃការចាក់វ៉ាក់សាំង និងគោរពតាមច្បាប់ត្រួតពិនិត្យការឆ្លងរាតត្បាត សម្រាប់ការធ្វើដំណើរឆ្លងចូលនោះរួចរាល់។
លោក Ma Xiaoguang បានគូសបញ្ជាក់បន្ថែមថា ជនរួមជាតិតៃវ៉ាន់ប្រហែល ៦២,០០០នាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅចិនដីគោក គិតត្រឹមថ្ងៃទី៣១ ខែឧសភា។
ដោយមើលឃើញថា ជនរួមជាតិតៃវ៉ាន់ភាគច្រើន បានសម្តែងនូវការប្ដេជ្ញាចិត្តរបស់ពួកគេ ក្នុងការចង់ឃើញការបញ្ជូនវ៉ាក់សាំងពីចិនដីគោក ទៅកាន់កោះតៃវ៉ាន់នោះ លោក Ma Xiaoguang បានទទូចដល់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចនៅក្នុងកោះតៃវ៉ាន់ លុបចោលការរារាំង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថា ក្រោយកោះតៃវ៉ាន់់បានផ្ទុះរលកថ្មី នៃការឆ្លងរាតត្បាត COVID-19 នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រធានបទវ៉ាក់សាំងត្រូវបានលើកឡើង យ៉ាងក្តៅគគុកជាទីបំផុត និងកំពុងក្លាយជាសម្ពាធកាន់តែធ្ងន់ ទៅលើរដ្ឋាភិបាលលោកស្រី ត្សៃ អ៊ីងវិន ផងដែរ។ គិតត្រឹមថ្ងៃទី១០ ខែមិថុនា កោះតៃវ៉ាន់មានអ្នកឆ្លង COVID-19 សរុប ១២,៥០០ករណី ក្នុងនោះ ៣៨៥នាក់ស្លាប់ និងជិត ១១,០០០នាក់ ជាសះស្បើយឡើងវិញ៕