(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន រំពឹងថា ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 នឹងព្រមព្រៀងគ្នាបរិច្ចាគវ៉ាក់សាំង COVID-19 សរុប១ពាន់លានដូស ទៅកាន់ប្រទេសអន់ខ្សោយ កំលុងកិច្ចប្រជុំកំពូល G7 ដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះ ហើយជួយពន្លឿនកិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។
កំលុងកិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃ ដែលចាប់ផ្តើមនាថ្ងៃសុក្រនេះ នៅរីសត ខាប៊ីស បេយ៍ (Carbis Bay) ក្នុងតំបន់ ខនវ៉ល (Cornwall) ភាគនិរតីប្រទេសអង់គ្លេស ក្រុមប្រទេស G7 ត្រូវគេរំពឹងថា នឹងប្រកាសអំពីការសន្យាផ្តល់វ៉ាក់សាំងសរុបចូលគ្នា ចំនួន១ពាន់លានដូស ទៅកាន់ប្រទេសនានា ដែលត្រូវការជាចាំបាច់។ លោក ចនសុន ក៏បានអំពាវនាវផងដែរ ឲ្យបណ្តាមេដឹកនាំក្រុមប្រទេស G7 រួមប្តេជ្ញាគ្នា ជួយពន្លឿនកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការ COVID-19 នៅលើពិភពលោក។
ក្រោយពេលមកដល់ចក្រភពអង់គ្លេស កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាផ្តល់ថាមពលចំពោះ សមរភូមិប្រយុទ្ធប្រឆាំងវិបត្តិជំងឺ COVID-19 នៅលើពិភពលោក តាមរយៈការបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន៥០០លានដូស។ បើតាមលោក ចនសុន វិញ ចក្រភពអង់គ្លេសក៏នឹងផ្តល់វ៉ាក់សាំងយ៉ាងហោច ១០០លានដូសផងដែរ។ ដូច្នេះលោក ចនសុន រំពឹងថា ក្រុមប្រទេស G7 នឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 បានសរុបយ៉ាងតិច១ពាន់លានដូស ទៅកាន់ពិភពលោក។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី និងជប៉ុន នឹងអង្គុយតុពិភាក្សាទល់មុខគ្នាជាលើកដំបូង ក្នុងកិច្ចប្រជុំកំពូល G7 ក្នុងរយៈពេលជិត២ឆ្នាំ ក្រោយកិច្ចប្រជុំកំពូលឆ្នាំមុនត្រូវខកខាន ដោយសារតែ COVID-19៕