(រ៉ង់ហ្គូន)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះបានរាយការណ៍ថា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យសរុប ៦៣៨នាក់ ដែលពាក់ព័ន្ធអំពើភេរវកម្ម និងការកាន់កាប់អាវុធខុសច្បាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។
របាយការណ៍ខាងលើបានបង្ហាញថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន រួមមាន ៤៩នាក់ពីបទដុតភ្លើង, ៦១នាក់ពីបទមនុស្សឃាត, ២៥៦នាក់ពីបទកាន់អាវុធ និងគ្រាប់កាំភ្លើងខុសច្បាប់ ខណៈ ២៧២នាក់ទៀតពីបទប្រព្រឹត្តអំពើភេរវកម្ម និងការបំផ្លិចបំផ្លាញ។
របាយការណ៍ដដែលនោះ បានគូសបញ្ជាក់បន្ថែមថា អាវុធធុនតូចសរុប ៥០ដើម, គ្រាប់កាំភ្លើងចំនួន ២,២០២គ្រាប់, កាំភ្លើងកែច្នៃចំនួន ៩១៤ដើម, គ្រាប់មីនកែច្នៃ និងគ្រាប់បែកកែច្នៃចំនួន ៥,៩៤៧គ្រាប់, និងសម្ភារៈដែលពាក់ព័ន្ធផ្សេងទៀតត្រូវបានរឹបអូស រួមជាមួយការចាប់ខ្លួនជនសង្ស័យជាង ៦០០នាក់ខាងលើ។ ឧប្បត្តិហេតុនៃការផ្ទុះ និងការដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងសាលារៀន បានកើតឡើងនៅក្នុងរដ្ឋមីយ៉ាន់ម៉ា ចាប់តាំងពីខែមុនមកម៉្លេះ។
គួរបញ្ជាក់ថា របបយោធាមីយ៉ាន់ម៉ា បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ ក្រោយរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ត្រូវបានទម្លាក់ចេញពីអំណាច។ ចាប់តាំងពីពេលនោះមក អំណាចរដ្ឋត្រូវបានផ្ទេរទៅឱ្យ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing)៕