(បាងកក)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអង់គ្លេស AstraZeneca បាននិយាយថាកំពុងធ្វើការងារយ៉ាងជិតស្និទជាមួយបណ្ដារដ្ឋាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធានា បានថាវ៉ាក់សាំង COVID-19 របស់ខ្លួនអាចផ្គត់ផ្គង់ឱ្យបានឆាប់រហ័សតាមដែលអាចទៅបាន បន្ទាប់ពីមានសេចក្ដីរាយការណ៍ជុំវិញការពន្យារពេលការប្រគល់វ៉ាក់សាំង ដែលបញ្ជាទិញពីរោងចក្រផលិតមួយនៅក្នុងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។
ប្រទេសម៉ាឡេស៊ី និងកោះតៃវ៉ាន់ នៅក្នុងសប្ដាហ៍នេះទទួលបានដំណឹងចុងក្រោយគេបំផុតថាការប្រគល់វ៉ាក់សាំង AstraZeneca ផលិតដោយរោងចក្រមួយនៅក្នុង ប្រទេសថៃ ដែលត្រូវប្រគល់ឱ្យពួកគេនឹងត្រូវពន្យារពេល។ តែមិនមានការបញ្ជាក់ឱ្យបានច្បាស់ពីមូលហេតុឡើយ។
យ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារព័ត៌មាន Reuters តាមរយៈសារអេឡិចត្រូនិក ក្រុមហ៊ុន AstraZeneca បានគូសបញ្ជាក់ដូច្នេះថា៖ «ការចែកចាយវ៉ាក់សាំងដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានទាំងម៉ាឡេស៊ី នឹងត្រូវចាប់ផ្ដើមឡើងវិញនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ហើយ ខាងក្រុមហ៊ុននឹងធ្វើការងារយ៉ាងជិតស្និទជាមួយបណ្ដារដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ ដើម្បីអាចផ្គត់ផ្គង់វ៉ាក់សាំងឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា ផែនការចែកចាយវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺពឹងផ្អែកលើវ៉ាក់សាំង ២០០លានដូសដែលផលិតឡើងដោយ ក្រុមហ៊ុនថៃ Siam Bioscience គ្រប់គ្រងដោយព្រះមហាក្សត្រថៃ៕