(ប៉េកាំង)៖ មុនពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ជួបមុខគ្នានៅសប្តាហ៍ក្រោយ ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងម៉ូស្គូ បានផ្ញើសារព្រមានគ្នារួចជាស្រេច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។
លោក បៃដិន បានទៅដល់ចក្រភពអង់គ្លេសកាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេលសរុប៨ថ្ងៃ នៅអឺរ៉ុប។ វាជាទស្សនកិច្ចក្រៅប្រទេសលើកទីមួយរបស់លោក ក្នុងនាមជាប្រធានាធិបតីអាមេរិក។ ថ្លែងនៅចំពោះមុខកងទ័ពអាមេរិក នៅមូលដ្ឋានទ័ពអាកាសអង់គ្លេស Mildenhall លោក បៃដិន បាននិយាយថា សហរដ្ឋអាមេរិកមិនចង់បង្កជម្លោះទេ គឺចង់បានទំនាក់ទំនង ដែលមានស្ថិរភាពមួយ ប៉ុន្តែបើរុស្ស៉ីធ្វើសកម្មភាពអាក្រក់ណាមួយ អាមេរិកនឹងមិនឱបដៃឈរមើលដាច់ខាត។
ក្នុងថ្ងៃដដែល តុលាការនៅប្រទេសរុស្ស៉ី បានសម្រេចចាត់ទុកអង្គការមូលនិធិប្រឆាំងអំពើពុករលួយ របស់មេដឹកនាំបក្សប្រឆាំងរុស្ស៉ី លោក Alexei Navalny ជាអង្គភាពខុសច្បាប់និងនិយមជ្រុល។ ភ្លាមៗនោះ ក្រសួងការបរទេសអាមេរិក ក៏បានសេចក្តីថ្លែងការណ៍ថ្កោលទោសការសម្រេចនេះ។
គួរបញ្ជាក់ថា កំលុងដំណើរទស្សនកិច្ចនៅអឺរ៉ុប លោក បៃដិន នឹងចំណាយពេលពីថ្ងៃទី០៩-១៣ ខែមិថុនា នៅចក្រភពអង់គ្លេស ដើម្បិចូលរួមកិច្ចប្រជុំ G7 ហើយបើកកិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំ នៃសមាជិកក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំងនេះ។ បន្ទាប់មក លោក នឹងបន្តដំណើរទៅកាន់ទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក ដើម្បីចូលរួមកិច្ចប្រជុំអង្គការ NATO។ ជាចុងក្រោយ លោកនឹងជួបមុខ លោក ពូទីន នៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស នៅថ្ងៃទី១៦ ខែមិថុនា មុនត្រឡប់ទៅសហរដ្ឋអាមេរិក៕