(បាងកក)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក សុមសាក់ ថេបសុធិន (Somsak Thepsuthin) នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង នៅតាមពន្ធនាគារនៅក្នុងប្រទេស ជាទីដែលអ្នកទោសច្រើនជាង ២២,០០០នាក់រួចមកហើយ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Somsak ក៏បានជំរុញផងដែរឱ្យនាយកដ្ឋានអប់រំ និងកែប្រែនៃក្រសួងយុត្តិធម៌ថៃ ត្រូវតែធានាឱ្យបាននូវការចាក់វ៉ាក់សាំង ជូនក្រុមមន្ត្រីពន្ធនាគារ និងអ្នកទោសទាំងអស់ទូទាំងប្រទេស។ បើតាមលោក Somsak ពន្ធនាគារដែលមានករណីឆ្លងច្រើនជាងគេ ឬស្ថិតនៅក្នុងហានិភ័យខ្ពស់នឹងត្រូវបាន
ការចាក់វ៉ាក់សាំងមុនគេ។

គួរបញ្ជាក់ថា ករណីឆ្លង COVID-19 ប្រចាំថ្ងៃរាប់រយករណីត្រូវបានគេរាយការណ៍ ចេញពីពន្ធនាគារជាច្រើននៅទូទាំងប្រទេសថៃ ក្នុងរលកទី ៣ នៃជំងឺដ៏កាចសាហាវមួយនេះ។ រលកទី ៣ COVID-19 ដែលបានផ្ទុះឡើងនៅដើមខែមេសា ឆ្នាំ២០២១ បានរ៉ាប់រងច្រើនជាង ៨០ភាគរយនៃករណីឆ្លង និង ៩០ភាគរយនៃករណីស្លាប់សរុប ដោយសារជំងឺនេះ នៅទូទាំងប្រទេសថៃ៕