(ប៉េកាំង)៖ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី នវានុវត្តន៍និងការប្រកួតប្រជែងនៃអាមេរិកកាលពីថ្ងៃទី៨ ខែមិថុនា ដើម្បីទប់ស្តាត់ការអភិវឌ្ឍរបស់ចិនដោយគ្រប់ជ្រុងជ្រោយ ដោយយកនវានុវត្តន៍និងការប្រកួតប្រជែងធ្វើជាលេស ។
សេចក្តីព្រាងច្បាប់នេះបានបង្កើតឡើងលើមូលដ្ឋានប្រមូលផ្តុំសេចក្តីព្រាងច្បាប់ ស្តីពីការទប់ស្តាត់ការអភិវឌ្ឍរបស់ប្រទេសចិនមួយចំនួន ដែលជាផលិតផលនៃការឃុបឃិតគ្នារបស់គណបក្ស បានចាត់ទុកប្រទេសចិនជា «សត្រូវ» លើគ្រប់វិស័យ មួលបង្កាច់ដោយចេតនានូវមាគ៌ាអភិវឌ្ឍន៍ និងគោលនយោបាយជាតិនិងអន្តរជាតិរបស់ចិន ក៏ដូចជាឃោសនាបំប៉ោងពីការធ្វើការប្រកួតប្រជែង ជាយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន រហូតដល់បានញុះញង់ឱ្យផ្តាច់ទំនាក់ទំនង និងបង្កភាពបដិបក្ខគ្នារវាងចិននិងអាមេរិកផងដែរ ។
គំនិតសង្រ្គាមត្រជាក់និងទស្សនផលបូកសូន្យរបស់សេចក្តីព្រាងច្បាប់នេះ មិនសមស្របនឹងចរន្តយុគសម័យនោះទេ ដែលគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វាមិនត្រឹមតែបានមួលបង្កាច់គំនិតដើមនៃការច្នៃប្រឌិតថ្មី និងការប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងក៏ជាការជាន់ឈ្លីនិងការប្រមាថចំពោះគោលការណ៍ទីផ្សារប្រកួតប្រជែងដោយសេរី ដែលត្រូវបានអួតអាងដោយ មនុស្សមួយចំនួនរបស់អាមេរិកផងដែរ។
មនុស្សមួយចំនួនរបស់អាមេរិកបានចាត់ទុកសេចក្តីព្រាងច្បាប់នេះជា «ថ្នាំស័ក្តសិទិ្ធ» សម្រាប់គាំពារអនុត្តរភាពរបស់ខ្លួន ប៉ុន្តែតាមពិតទៅ គឺជាការប្រើវិធីខុសឆ្គងដើម្បីដោះស្រាយបញ្ហាលំបាក នាពេលបច្ចុប្បន្នដោយមិនគិតពីផលវិបាកដ៏ធ្ងន់ធ្ងរ។ សេចក្តីព្រាងច្បាប់នេះកាន់តែឃោសនាបំប៉ោងពី «ការគំរាមកំហែងរបស់ប្រទេសចិន» ក៏កាន់តែលាតត្រដាងឱ្យបានច្បាស់ នូវអសម្ថតភាពនិងការប៉ុនប៉ងចង់ទម្លាក់កំហុស របស់អ្នកនយោបាយអាមេរិកមួយចំនួន។ យ៉ាងណាមិញ អ្វីដែលហៅថា សេចក្តីព្រាងច្បាប់បដិបក្ខគ្នានេះដាច់ខាតមិនអាចសម្រេចបាន នូវបំណងប្រាថ្នារបស់អ្នកនយោបាយអាមេរិកស្តីពី «ការលើកកម្ពស់កម្លាំងប្រកួតប្រជែង របស់អាមេរិកយ៉ាងឆាប់រហ័សនោះទេ»។
ដោយឡែកនាពេលបច្ចុប្បន្ន ដែលបាននិងកំពុងធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ទង្វើដែលប៉ុនប៉ងដាក់សម្ពាធទៅលើ ប្រទេសចិនតាមរយៈការតាក់តែងច្បាប់ទាំងនេះ គ្មានអ្វីគួរឱ្យសង្ស័យឡើយ វានឹងបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ ការអភិវឌ្ឍនិងការរីកចម្រើនទូទាំងពិភពលោក ហើយមុខជានឹងធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍ផ្ទាល់ខ្លួនជាមិនខាន ។
តាមពិតទៅ គោលដៅអភិវឌ្ឍន៍របស់ប្រទេសចិនមិនមែនជំនួសឱ្យអាមេរិកនោះទេ តែគឺធ្វើឱ្យប្រជាជនចិនមានជីវភាពរស់នៅ ប្រកបដោយសុខសុភមង្គលនិងកាន់តែល្អប្រសើរឡើង។ ប្រទេសចិនស្វាគមន៍ចំពោះការប្រកួតប្រជែងដ៏វិជ្ជមាន លើមូលដ្ឋានសច្ចភាពនិងយុត្តិធម៌ ប៉ុន្តែបដិសោធចំពោះការប្រកួតប្រជែងដែលវាយប្រហារគ្នាទៅវិញទៅមក ក្នុងចេតនាអាក្រក់និងទស្សនផលបូកសូន្យ ហើយមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ដកហូតសិទ្ធិ និងផលប្រយោជន៍អភិវឌ្ឍន៍ស្របច្បាប់របស់ខ្លួនឯងនោះឡើយ ។
អ្នកផងទាំងពូងគួរតែមើលឃើញថា ការដែលព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់បដិបក្ខគ្នា មិនអាចរារាំងជំហានអភិវឌ្ឍន៍ទៅមុខ របស់ប្រទេសចិននោះទេ ហើយកាន់តែមិនអាចរង្គោះរង្គើដល់ការបេ្តជ្ញាចិត្តរបស់ប្រជាជនចិន ក្នុងការកសាងប្រទេសជាតិប្រកប ដោយទំនើបភាវូបនីយកម្មសង្គមនិយម ដោយគ្រប់ជ្រុងជ្រោយនោះឡើយ។ ក្នុងបរិបទបច្ចុប្បន្ន ដែលពិភពលោកបាននិងកំពុងឋិត ក្នុងភាពបម្រែបម្រួលដ៏ខ្លាំងក្លា ទង្វើរបស់អាមេរិកបែបនេះបានល្មើសនឹងនិន្នាការសកល ពោលគឺ មិនអាចទទួលបានការគាំទ្រពីមនុស្សជាទូទៅជាដាច់ខាត ហើយពិតជានឹងទទួលបរាជ័យជាមិនខាន៕