(វ៉ាស៉ីនតោន)៖ មន្ទីរពេទ្យនិងមន្ទីរសុខាភិបាលនៅទូទាំងសហរដ្ឋអាមេរិក កំពុងព្យាយាមសម្រេចថាតើគួរតែធ្វើបែបណា ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson (J&J) ដែលនឹងត្រូវផុតសុពលភាពចោលទទេៗ ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។
យោងតាមសេចក្តីរាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្ទាល់ដូចជា The Wall Street Journal និង The New York Times វ៉ាក់សាំង J&J រាប់លានដូស នឹងត្រូវផុតសុពលភាពក្នុងខែមិថុនានេះហើយ ខណៈរាប់សែនដូសផ្សេងទៀត អាចនឹងត្រូវចោលទទេៗផងដេរ ដោយសារប្រជាជនអាមេរិក ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង មានចំនួនតិចទៅៗ។ បណ្តារដ្ឋនៅសហរដ្ឋអាមេរិក បានពិចារណាចែកចាយវ៉ាក់សាំងលើសទាំងនេះ ទៅកាន់រដ្ឋដទៃទៀត និងទៅក្រៅប្រទេស ប៉ុន្តែជួបឧបសគ្គផ្លូវច្បាប់និងការដឹកជញ្ជូន។
បើតាមកាសែត The Wall Street Journal មូលហេតុដែលបណ្តាលឲ្យវ៉ាក់សាំង J&J នៅសល់គរចោលច្រើនបែបនេះ គឺដោយសារតែការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិក កាលពីខែមេសាកន្លងទៅ ក្នុងការផ្អាកជាបណ្តោះអាសន្ន នូវការប្រើប្រាស់វ៉ាក់សាំង J&J ដើម្បីពិនិត្យមើលហានិភ័យករណីកំណកឈាមដ៏កម្រ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំង។
គួរបញ្ជាក់ថា វ៉ាក់សាំង J&J គឺជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលតម្រូវឲ្យចាក់តែមួយដូសប៉ុណ្ណោះ។ វាអាចរក្សាទុកនៅក្នុងទូទឹកកកធម្មតា បានរហូតដល់រយៈពេល៣ខែ។ ការដែលវ៉ាក់សាំង J&J រាប់លានដូសត្រូវផុតសុពលភាពទទេៗបែបនេះ នៅសហរដ្ឋអាមេរិក ស្របពេលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន កំពុងត្រូវការវ៉ាក់សាំង COVID-19 ជាចាំបាច់ ក៏បានបង្កឲ្យមានមតិរិះគន់ផងដែរ៕