(វ៉ាស៉ីនតោន)៖ លោក Peter Hotez អ្នកជំនាញវ៉ាក់សាំងនៅមហាវិទ្យាល័យឱសថសាស្រ្ត Baylor នៃរដ្ឋតិចសាស់សហរដ្ឋអាមេរិក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក US News ក្នុងអត្ថបទមួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា វាទំនងជារឿងមិនអាចទៅរួចឡើយ ដែលថា COVID-19 មានប្រភពពីមន្ទីរពេទ្យ ហើយលេចធ្លាយចេញពីខាងក្រៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃ ព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។
លោក Hotez បាននិយាយថា ប្រភពនៃ COVID-19 គឺទំនងចេញមកពីសត្វ ហើយក្រុមអ្នកវិទ្យសាស្រ្តពិសេសមួយ ត្រូវតែបង្កើតឡើង ដើម្បីផ្តោតទៅលើការធ្វើតេស្តឲ្យទូលំទូលាយចំពោះអម្បូរសត្វព្រៃ រួមមានទាំងសត្វប្រជៀវ ក៏ដូចជាសត្វស្រុកដូចជាបសុសត្វ ជាដើម។ បើតាមអ្នកជំនាញអាមេរិករូបនេះ ក្រោយវិបត្តិជំងឺ SARS កាលពីឆ្នាំ២០០២ និងជំងឺ MERS កាលពីឆ្នាំ២០១២ វិបត្តិ COVID-19 បច្ចុប្បន្ន ប្រហែលកំពុងព្រមានមនុស្សលោកថា វិបត្តិវីរុសកូរ៉ូណាថ្មីៗនិងកាន់តែធ្ងន់ធ្ងរ នឹងលេចឡើងជារៀងរាល់៨-១០ឆ្នាំ ហើយពួកយើងចាំបាច់ ត្រូវតែដឹងឲ្យច្បាស់អំពីប្រភពរបស់ COVID-19 ដើម្បីទប់ស្កាត់វិបត្តិវីរុសកូរ៉ូណាដទៃៗទៀត។
ការសន្និដ្ឋានកន្លងមករបស់ក្រុមអ្នកស្រាវជ្រាវ WHO ក្រោយចុះស៉ើបអង្កេតនៅប្រទេសចិន ក៏បានលើកឡើងដែរថា ការសង្ស័យ COVID-19 លេចចេញពីមន្ទីរពិសោធន៍ គឺទំនងជាមិនអាចទៅរួចទេ ផ្ទុយទៅវិញពួកគេយល់ឃើញ ប្រភពរបស់វាគឺចេញពីសត្វ ប៉ុន្តែមិនទាន់អាចកំណត់ច្បាស់ថា អម្បូរសត្វណាឡើយ៕