(ប៉េកាំង)៖ ប៉ុន្មានឆ្នាំកន្លងទៅនេះ ការធ្វើទេសចរណ៍នៅតំបន់បដិវត្តចាស់ៗរបស់បក្សកុម្មុយនិស្តចិន បានក្លាយជាទេសចរណ៍មានប្រជាប្រិយភាព នៅតំបន់នានារបស់ចិន។ តំបន់មួយចំនួនបានរៀបចំទេសចរណ៍ នៅតំបន់បដិវត្តចាស់ៗ ដែលពោរពេញទៅដោយវប្បធម៌មនុស្សជាតិ គួបផ្សំជាមួយនិងទេសភាពធម្មជាតិដ៏ស្អាត ក្នុងន័យជំរុញការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ផង និងផ្សព្វផ្សាយស្មារតីបដិវត្តផង ពេលអ្នកទេសចរទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត ក៏អាចស្វែងយល់ពីប្រវត្តិសាស្ត្របដិវត្តនិ ងចំណេះដឹងបដិវត្តទៀតផង របស់បក្សកុម្មុយនិស្តចិន។

ពេលនិយាយដល់ទេសចរណ៍នៅតំបន់បដិវត្តចាស់ៗ មុនដំបូង អ្នកផងទាំងពួងនឹងគិតដល់ សារមន្ទីររំលឹកការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី១។ កាលពី១០០ឆ្នាំមុន ទន្ទឹមនឹងលទ្ធិរបស់ម៉ាក្សនិយម ផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅប្រទេសចិន ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍបដិវត្តរបស់ចិន ឥស្សរជនឈានមុខមួយចំនួន បានសម្រេចចិត្តបង្កើតបក្សកុម្មុយនិស្តចិន។

ប៉ុន្តែការបង្កើតបក្សកុម្មុយនិស្តចិនមិនមែនមានភាពរលូននោះទេ ក្នុងអំឡុងពេលបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទីមួយ ប៉ូលិសនៃតំបន់សម្បទានបារាំងឡោមព័ទ្ធទីតាំងកិច្ចប្រជុំ ដូច្នេះ នៅថ្ងៃចុងបំផុតនៃកិច្ចប្រជុំរបស់សមាជបក្សកុម្មុយនិស្តចិនលើកទីមួយ អង្គប្រជុំបានផ្ទេរទៅកាន់បឹង Nanhu ក្រុង Jiaxing ដើម្បីធ្វើកិច្ចប្រជុំបន្តទៀត កិច្ចប្រជុំលើកនេះទទួលបានជោគជ័យ។ នៅសារមន្ទីររំលឹកការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី១ អ្នកទេសចរណ៍អាចស្វែងយល់ពីប្រវត្តិសាស្ត្រ បក្សកុម្មុយនិស្តចិនតាមរយៈឯកសារ វត្ថុតាំងបង្ហាញ កាសែត ទស្សនាវដ្តី សៀវភៅនិងរូបថតក្នុងគ្រប់ដំណាក់កាល ដើម្បីរំលឹកឡើងវិញនូវភាពលំបាកលំបិន ដែលសមាជិកបក្សកុម្មុយនិស្តចិន បានឆ្លងកាត់ក្នុងរយៈពេល១០០ឆ្នាំកន្លងមក។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅទស្សនាសារមន្ទីររំលឹកការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី១ ហើយមានព្រះរាជបន្ទូលថា ទីនេះគឺជាទីកន្លែងប្រកបដោយសារៈសំខាន់ខាងនយោបាយនិងប្រវត្តិសាស្រ្ត ដែលជាសក្ខីកម្មនៃប្រវត្តិសាស្រ្ត ដែលបក្សកុម្មុយនិស្តចិនពុះពារការលំបាកគ្រប់យ៉ាង ដើម្បីកសាងប្រទេសនិងបម្រើប្រជាជន។

នៅក្រុងយ៉ានអានដែលជាតំបន់បដិវត្តចាស់ៗដ៏ល្បីឈ្មោះរបស់ប្រទេសចិន គិតមកទល់បច្ចុប្បន្ននេះ នៅមានតំបន់បដិវត្តចាស់ៗចំនួន៤៤៥កន្លែង ដែលត្រូវគេហៅថា ជា «បុរីសារមន្ទីរបដិវត្តរបស់ចិន»។ នៅតំបន់ Yangjialing នៃក្រុងយ៉ានអានមានលំនៅដ្ឋានជាច្រើនកន្លែង អ្នកទេសចរណ៍អាចទៅទស្សនាលំនៅដ្ឋានគុហា ដែលលោក ម៉ៅ សេតុង និងលោក ចូវ អឹនឡាយ និងមេដឹកនាំប្រទេសចិនជំនាន់មុន ជាដើមធា្លប់ស្នាក់នៅ ហើយអាចឃើញ តុ ចាន និងចង្កឹះដែលមេដឹកនាំទាំងឡាយប្រើប្រាស់ ប្រការទាំងនេះនឹងធ្វើឱ្យអ្នកទេសចរណ៍កាន់តែយល់ដឹង ពីស្មារតីក្រុងយ៉ានអានរបស់សមាជិកបក្សកុម្មុយនិស្តចិន ដែលខិតខំប្រឹងប្រែងដោយម្ចាស់ការ តស៊ូយ៉ាងស្វិតស្វាញ បម្រើប្រជាជនអស់ពីដួងចិត្ត ក៏ដូចជាស្មារតីត្រួសត្រាយឥតឈប់ឈរនាសម័យនោះ ។

សារមន្ទីររំលឹកការជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹង សហរដ្ឋអាមេរិកជាសារមន្ទីររំលឹកសង្គ្រាម ដែលបង្ហាញដោយគ្រប់ជ្រុងជ្រោយពី ប្រវត្តិសាស្ត្រជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក។ សារមន្ទីរនេះបានបង្ហាញពីប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ នៃសង្គ្រាមនិងចលនាជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹង សហរដ្ឋអាមេរិកតាមរយៈតាំងបង្ហាញគ្រប់បែបយ៉ាង។ សារមន្ទីរនេះមិនត្រឹមតែជា មូលដ្ឋានអប់រំការការពារជាតិនៃខេត្ត Liaoning ប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវដាក់បញ្ចូលក្នុងបញ្ជីឈ្មោះនៃមូលដ្ឋាននិងជំរំអប់រំជើងទីមួយ របស់ក្រសួងអប់រំចិនសម្រាប់ឱ្យសិស្សសាលាបឋមសិក្សានិងមធ្យមសិក្សាទូទាំងប្រទេសចិនដកពិសោធន៍និងទទួលការអប់រំ ។ សារមន្ទីរនេះបានផ្សព្វផ្សាយស្មារតីជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក ទៅកាន់អ្នកទេសចរណ៍ ហើយបានបន្តវេនស្មារតីបដិវត្តដល់ជំនាន់ក្រោយ។

ប្រវត្តិសាស្ត្របដិវត្តរបស់ចិនហាក់ដូចជាជីវជាតិសម្រាប់អប់រំប្រជាជន។ នៅតំបន់បដិវត្តចាស់ៗគ្រប់កន្លែង អ្នកទេសចរអាចរំលឹកឡើងវិញ នូវដំណើរដ៏រុងរឿងរបស់បក្សកុម្មុយនិស្តចិនផង ហើយក៏អាចទទួលអារម្មណ៍ពីស្មារតីរបស់វីរបុរស ដែលឆ្លងកាត់យុគសម័យផងដែរ។
ការធ្វើទេសចរណ៍នៅតំបន់បដិវត្តចាស់ៗ ក៏ជាមធ្យោបាយល្អសម្រាប់ផ្សព្វផ្សាយប្រពៃណីបដិវត្ត នៃបក្សកុម្មុយនិស្តចិនក្នុងយុគសម័យថ្មី៕