(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចេញបទបញ្ជាផ្ទៃក្នុងមួយដែលអំពាវនាវឱ្យមានគំនិតផ្ដួតផ្ដើមជាច្រើនដើម្បីប្រជែងជាមួយ ចិន ប៉ុន្តែមិនមានការបញ្ជាក់លម្អិតពីបទបញ្ជានេះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។

សហរដ្ឋអាមេរិកបានចាត់ទុកចិនជាគូប្រជែងជួរមុខអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យប្រទេសទាំងពីរតានតឹងនឹងគ្នាលើបញ្ហាជាច្រើនរាប់ចាប់ពី បច្ចេកវិទ្យា សិទ្ធិមនុស្ស រហូតដល់សំណុំរឿងសមុទ្រចិនខាងត្បូង។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការពារជាតិអាមេរិកបានឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បទបញ្ជាផ្ទៃក្នុងរបស់លោក Lloyd Austin ធ្វើឡើងតបទៅតាមអនុសាសន៍ផ្ដល់ដោយអង្គភាពពិសេសមួយនៃមន្ទីរបញ្ចកោណដែលលោកប្រធានាធិបតី ចូ បៃដិន បង្កើតឡើងកាលពីខែកុម្ភៈកន្លងទៅ។

មន្ត្រីរូបនេះដដែលមិនបានបញ្ជាក់លម្អិតអ្វីទេ ដោយគ្រាន់តែឱ្យដឹងថាគំនិតផ្ដួចផ្ដើមនៅក្រោមបទបញ្ជាផ្ទៃក្នុងនេះនឹងជួយកែលម្អសមត្ថភាពយោធា ក៏ដូចជាពង្រឹង ឡើងវិញនូវបណ្ដាញទំនាក់ទំនងជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត និងជាដៃគូរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ដើម្បីខ្ទប់ឥទ្ធិពលចិន រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន គ្រោងនឹងបញ្ចេញថវិកាច្រើនជាង ៥ពាន់លានដុល្លារសម្រាប់ផែនការយុទ្ធសាស្ត្រ ក្នុងតំបន់ប៉ាស៊ីហ្វិក និងផ្ដោតជាសំខាន់លើការប្រកួតប្រជែងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយបង្កើនសមត្ថភាពយោធាអាមេរិកតាមរយៈការអភិវឌ្ឍប្រព័ន្ធរ៉ាដា ផ្កាយរណប និងប្រព័ន្ធមីស៊ីល៕