(ម៉ូស្គូ)៖ រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅ បានអនុម័តលើសំណើមួយដើម្បីបង្កើនកញ្ចប់ថវិកាយោធា ហើយការអនុម័តនេះកើតមានឡើងចំពេល កញ្ចប់ថវិកាយោធាជប៉ុនត្រូវបានបង្កើនជាលំដាប់ ៩ឆ្នាំជាប់ៗគ្នា ដោយកើនដល់បំបែកកំណត់ត្រាថ្មីមួយ ៥២ពាន់លានដុល្លារក្នុងឆ្នាំ២០២១នេះ។ ជប៉ុនសព្វថ្ងៃ បាន និងកំពុងអភិវឌ្ឍយ៉ាងសកម្ម និងទិញបរិក្ខា ឬបច្ចេកវិទ្យាយោធាទំនើបថ្មីៗចុងក្រោយបំផុត ខណៈមហាអំណាចសេដ្ឋកិច្ចលេខ៣ក្នុងលោកមួយនេះចាប់ផ្ដើម លុបចោលការរឹតត្បិតលើកងកម្លាំងស្វ័យការពារជាតិរបស់ខ្លួនបន្តិចម្ដងៗ។
ការថយចុះនៃអំណាចយោធាអាមេរិកនៅក្នុងតំបន់ ចំពោះមុខការកើនឡើងឥទិ្ធពលចិន គឺជាមូលហេតុមួយកំពុងជំរុញឱ្យជប៉ុនដើរនៅលើផ្លូវប្រជែងយកតំណែងជា មហាអំណាចយោធាឈានមុខគេមួយនៅក្នុងតំបន់អាស៊ី- ប៉ាស៊ីហ្វិក។ ប៉ុន្តែ ការធ្វើយោធូបនីយកម្មរបស់ជប៉ុនក៏បានបង្កឱ្យមានការព្រួយបារម្ភផងដែរនៅក្នុងប្រទេស រុស្ស៊ី ដែលមិនទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយនឹងជប៉ុន ក្រោយការបញ្ចប់សង្រ្គាមលោកលើកទី២ និងកំពុងមានជម្លោះដែនដីដ៏យូរអង្វែង នឹងគ្នាជុំវិញទីប្រជុំកោះ Kuril។
អស់រយៈពេលរាប់ទសវត្សរមកហើយ ជប៉ុនត្រូវបានគេចាត់ទុកថាជាប្រទេសសន្តិភាពនិយមមួយ ដែលពឹងផ្អែកលើសហរដ្ឋអាមេរិកទាំងស្រុង ក្នុងកិច្ចការការពារ សន្តិសុខជាតិ។ ការប្រកាន់យកគោលជំហរបែបនេះមានចែងយ៉ាងច្បាស់នៅក្នុងឯកសារសំខាន់២។ ទីមួយ៖ គឺមាត្រា៩ នៃរដ្ឋធម្មនុញ្ញជប៉ុនឆ្នាំ១៩៤៧ ដែលចែងថា «ប្រជាជនជប៉ុនត្រូវប្រឆាំងជានិច្ចចំពោះការធ្វើសង្រ្គាម ហើយកម្លាំងយោធាអាចប្រើប្រាស់តែក្នុងគោលបំណងផ្សះផ្សាជម្លោះអន្តរជាតិតែប៉ុណ្ណោះ»។
ចំណែកឯទី២៖ គឺសន្ធិសញ្ញាកិច្ចសហប្រតិបត្តិ និងសន្តិសុខរវាងសហរដ្ឋអាមេរិក និងជប៉ុនដែលតម្រូវឱ្យសហរដ្ឋអាមេរិកធានាការពារជប៉ុនពីការវាយប្រហារ ណាមួយ ជាថ្នូរឱ្យជប៉ុនអនុញ្ញាតឱ្យកងទ័ពអាមេរិកឈរជើងនៅលើទឹកដីរបស់ខ្លួន។ និយាយជារួម យោធា ឬកងកម្លាំងប្រដាប់អាវុធជប៉ុនផ្ដោតជាសំខាន់តែទៅលើ ការការពារខ្លួនឯងតែប៉ុណ្ណោះ ជាជាងផ្ដោតទៅលើការវាយប្រហារលើសត្រូវ។ តែបច្ចុប្បន្ន ជប៉ុនមានកញ្ចប់ថវិកាយោធាដល់ទៅ ៥២ពាន់លានដុល្លារដែលនេះអាច ប្រៀបធៀបទៅនឹងកញ្ចប់ថវិកាយោធានៃប្រទេសអឺរ៉ុបមួយចំនួនដូចជា បារាំង, អាល្លឺម៉ង់ និងចក្រភពអង់គ្លេសជាដើម។
បើតាមវិទ្យាស្ថាន SIPRI (Stockholm International Peace Research Institute) កាលពីឆ្នាំ២០២០ ជប៉ុនឈរនៅលេខទី៩ ក្នុងនាមជាប្រទេសមាន
កញ្ចប់ថវិកាយោធាធំជាងគេនៅក្នុងពិភពលោក។ ការបង្កើនកញ្ចប់ថវិកាយោធាពីមួយឆ្នាំទៅមួយឆ្នាំ ត្រូវបានជប៉ុនយកទៅប្រើក្នុងការអភិវឌ្ឍសមត្ថភាពយោធា ក្នុងវិស័យថ្មីៗជាច្រើន តួយ៉ាងដូចជាការបង្កើតកងកម្លាំងម៉ារីនពិសេសកាលពីឆ្នាំ២០១៨។ កងកម្លាំងម៉ារីនពិសេសនេះមានភារកិច្ចដណ្ដើមគ្រប់គ្រងកោះទាំងឡាយ របស់ជប៉ុនមកវិញ នៅក្នុងករណីត្រូវបានសត្រូវកាន់កាប់។
រដ្ឋាភិបាលជប៉ុនកាលពីឆ្នាំ២០១៨ដដែល បានសម្រេចចិត្តអភិវឌ្ឍនាវាពិឃាតប្រភេទ Izumo ២គ្រឿងទៅជានាវាផ្ទុកយន្ដហោះច្បាំងខ្នាតតូច និងបានបញ្ជាទិញ យន្ដហោះចម្បាំងបំបាំងកាយ F-35B ៤២គ្រឿងពីសហរដ្ឋអាមេរិក។ ជប៉ុនក៏កំពុងអភិវឌ្ឍមីស៊ីលស៊េរីថ្មីដែលមានសមត្ថភាពបាញ់ក្នុងចម្ងាយ ១,០០០គីឡូម៉ែត្រ ហើយការធ្វើវិសោធនកម្មច្បាប់មួយចំនួនកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ ក៏បានអនុញ្ញាតឱ្យជប៉ុនរកប្រាក់ចំណូលពីការនាំចេញអាវុធ ព្រមទាំងបើកដៃឱ្យ កងកម្លាំងស្វ័យការពារជប៉ុនអាចវាយប្រយុទ្ធនៅក្នុងករណីមានការវាយប្រហារលើកងទ័ពសម្ព័ន្ធមិត្ត និងលើជប៉ុនផ្ទាល់ផងដែរ។
រុស្ស៊ីដែលជាប្រទេសជិតខាង និងកំពុងមានជម្លោះទឹកដីនៅឯទីប្រជុំ Kuril ជាមួយជប៉ុនធ្លាប់បង្ហាញការព្រួយបារម្ភដែរចំពោះការធ្វើយោធូបនីយកម្មនេះដែរ ដោយ កាលពីខែធ្នូ ឆ្នាំ២០២០ ឧត្ដមសេនីយ៍ទោរុស្ស៊ី លោក មីកាអែល ម៉ាការូក (Mikhail Makaruk) បាននិយាយត្រង់ៗថាគោលបំណងនៅពីក្រោយការអភិវឌ្ឍមីស៊ីល និងអាវុធទំនើបរបស់ជប៉ុនគឺចង់ដណ្ដើមគ្រប់គ្រងកោះ Kuril។
តែយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគមើលឃើញថាការធ្វើយោធូបនីយកម្មរបស់ជប៉ុនមិនមែនជាការគំរាមកំហែងដល់រុស្ស៊ីនោះទេ ដ្បិតមានហេតុពីរយ៉ាង៖ ម្យ៉ាងគឺ កញ្ចប់ថវិកាយោធាជប៉ុនសព្វថ្ងៃមិនមានទំហំធំធេងគួរឱ្យព្រួយបារម្ភឡើយ។ ពោលគឺ កញ្ចប់ថវិកាយោធាជប៉ុនមិនទាន់កើនលើស ១ភាគរយនៃ GDP ផង បើធៀប ទៅនឹងសហរដ្ឋអាមេរិកមានកញ្ចប់ថវិកាយោធាស្មើនឹង ៣.៧ភាគរយនៃ GDP របស់ខ្លួនក្នុងឆ្នាំ២០២០ និងរុស្ស៊ីមាន ៤.៣ភាគរយ។
រីឯម្យ៉ាងទៀត នោះគឺការអភិវឌ្ឍសមត្ថភាពយោធាជប៉ុនទំនងជាមិនមានគោលដៅលើរុស្ស៊ីនោះទេ។ ជាក់ស្ដែង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងតូក្យូ មានការអត់ធ្មត់យ៉ាងខ្លាំងចំពោះសកម្មភាពយោធារុស្ស៊ី ក្នុងនោះរួមមានការបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក ដែលមានពេលខ្លះហោះចូលក្នុងដែនអាកាសជប៉ុន ទៀតផង។ បើតាមយោធាជប៉ុន (យន្ដហោះចម្បាំងជប៉ុនបានហោះស្ទាក់យន្ដហោះចម្បាំងរុស្ស៊ី ២០៦លើករាប់ចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០២០។
តែជប៉ុនមិនបានប្រើប្រាស់សកម្មភាពយន្ដហោះចម្បាំងរុស្ស៊ីទាំងនេះជាលេសបង្កើនសកម្មភាពយោធានៅតាមតំបន់ព្រំដែនក្បែររុស្ស៊ីនោះទេ។ ការប្រើកម្លាំងយោធា ក្រៅពីការការពារខ្លូន គឺជាទង្វើមិនអាចទទួលយកបាននៅក្នុងចំណោមថ្នាក់ដឹកនាំជប៉ុន និងសាធារណមតិ។ ជប៉ុនបានដាក់ពង្រាយកងកម្លាំងម៉ារីនថ្មីឱ្យឈរជើង នៅក្នុងទីក្រុង Sasebo នៃកោះ Kyushu ភាគនីរតីប្រទេសដែលស្ថិតនៅចម្ងាយដល់ទៅ ១,៧០០គីឡូម៉ែត្រឯណោះពីទីប្រជុំកោះជម្លោះជាមួយរុស្ស៊ី។
ការដាក់ពង្រាយកងកម្លាំងម៉ារីននេះហើយ ដែលធ្វើឱ្យក្រុមអ្នកជំនាញយល់ថាជប៉ុនមិនមានគោលដៅលើរុស្ស៊ី ផ្ទុយទៅវិញទីក្រុងតូក្យូកំពុងផ្ដោតលើចិនដែលបាន បង្កើនកញ្ចប់ថវិកាយោធាពី ៧៦.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១០ ដល់២០៩ពាន់លានដុល្លារក្នុងឆ្នាំ២០២១នេះ។ នេះបើតាមទិន្នន័យរបស់វិទ្យាស្ថាន CSIS។ ជប៉ុន និងចិនមានជម្លោះនឹងគ្នារាប់ចាប់ពីជម្លោះកាលពីអតីតកាល រហូតដល់ជម្លោះទឹកដីនៅឯទីប្រកោះ Senkaku ឬចិនហៅថា Diaoyu ក្នុងតំបន់សមុទ្រចិនខាងកើត។ ទីប្រជុំកោះ Senkaku បានធ្លាក់មកនៅក្រោមការគ្រប់គ្រងរបស់ជប៉ុនតាំងពីទសវត្សរឆ្នាំ១៩៧០ តែចិនកំពុងទាមទារសិទ្ធិគ្រប់គ្រង លើទីប្រជុំកោះនេះដែរ។ ក្នុងឆ្នាំ២០២១នេះ ចិនបានបញ្ជូននាវាជាច្រើនគ្រឿងចូលក្នុងដែនទឹកជម្លោះដែនទឹកនៃតំបន់សមុទ្រចិនខាងកើត ហើយកាលពីខែកុម្ភៈ ថ្នាក់ដឹកនាំចិនថែមទាំងបានអនុម័តច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យកងកម្លាំងឆ្មាំសមុទ្រចិនប្រើប្រាស់កងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងនាវាចម្បាំងបរទេសទៀតផង។
ដូច្នេះបើគេនិយាយថា ជប៉ុនធ្វើបដិវត្តន៍វិស័យយោធារបស់ខ្លួនមានគោលដៅទប់ទល់នឹងការគំរាមកំហែងជាក់លាក់ណាមួយពីកងកម្លាំងខាងក្រៅ នោះគឺកម្លាំង ខាងក្រៅ ប្រហែលជាមិនមែនជារុស្ស៊ីឡើយ តែគឺចិនច្រើនជាង។ ជាការពិតណាស់ ការព្រួយបារម្ភពីការរីកចម្រើនសមត្ថភាពយ៉ាងឆាប់រហ័សរបស់ប្រទេសជិតខាង គឺជារឿងធម្មតាដែលរុស្ស៊ីត្រូវតែបារម្ភ។ ប៉ុន្តែនៅក្នុងករណីប្រទេសជប៉ុន ក្រុមអ្នកវិភាគជឿជាក់ការផ្លាស់ប្ដូររបស់ជប៉ុននឹងមិនមានគោលដៅបំផ្លាញផលប្រយោជន៍ របស់រុស្ស៊ីក្នុងតំបន់នោះទេ។ ប្រជាជន និងថ្នាក់ដឹកនាំជប៉ុនប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងយោធាដោះស្រាយជម្លោះជាមួយប្រទេសជិតខាងហើយ ក្នុងពេលភ្លាមៗ ឬអនាគតដ៏ខ្លី ជប៉ុនក៏នឹងមិនលុបចោលមាត្រា៩ នៃរដ្ឋធម្មនុញ្ញរបស់ខ្លួននោះដែរ។
គួរបញ្ជាក់ថា ការធ្វើទំនើបកម្ម ឬយោធូបនីយកម្មរបស់ជប៉ុននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានជាប់ពាក់ព័ន្ធនឹងការថយចុះអំណាចយោធាអាមេរិក នៅក្នុង តំបន់។ កាលពីមុន វាគ្មានការសង្ស័យឡើយពីសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការការពារជប៉ុនពីការវាយប្រហារណាមួយ។ ប៉ុន្តែឥលូវខុសពីមុន អំណាច យោធាអាមេរិកក្នុងតំបន់កាន់តែថយចុះ រីឯអំណាចយោធាចិនកាន់តែកើនឡើងដែលនេះបានធ្វើឱ្យទីក្រុងតូក្យូចាប់យល់ថាខ្លួនមិនអាចពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិកដូចមុនបានទៀតឡើយក្នុងកិច្ចការការពារសន្តិសុខជាតិ៕
ប្រភព៖ Carnegie Endowment for International Peace (ថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១)