(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន៤០៧ករណីបន្ថែមទៀត ក្នុងនោះមាន៣៨១នាក់ជាករណីឆ្លងក្នុងសហគមន៍ និង២៦ករណីទៀតជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងសហគមន៍ទាំង ៣៨១នាក់ខាងលើ ភាគច្រើនត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលរ៉ាប់រ៉ងតែឯងចំនួន២៩៦ករណី។ ចំណែកឯខេត្ត Bac Ninh បានរកឃើញ៣៥ករណី, ទីក្រុងហូជីមីញ៤០ករណី និងទីក្រុងហាណូយ០៥ករណី។ ក្រៅពីនោះគឺត្រូវបានរាយការណ៍ចេញពីខេត្តផ្សេងៗទៀត។
សរុបមកវិញ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៩,៥៦៥នាក់ ក្នុងនោះស្លាប់ ៥៥នាក់ និងជាសះស្បើយ៣,៦៣៦នាក់៕