(ញូវដេលី)៖ អាជ្ញាធរបាននិយាយឲ្យដឹងនៅថ្ងៃពុធនេះថា សត្វដំរីចំនួន ២៨ក្បាលត្រូវបានគេធ្វើតេស្តរកជំងឹកូវីដ១៩ នៅដែនជម្រកសត្វព្រៃមួយនៅភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានសត្វតោអាស៊ីដ៏កម្រមួយក្បាលបានស្លាប់ដោយសារវីរុសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅយប់ថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីករណីស្លាប់ដំបូងរបស់សត្វដោយសារជំងឺកូវីដ១៩ នៅសួនសត្វមួយនៅក្នុងរដ្ឋ Tamil Nadu កាលពីខែដើមខែមិថុនានេះ។
សត្វដែលស្លាប់ខាងលើ គឺជាសត្វតោមួយក្បាលក្នុងចំណោមសត្វតោ ០៩ក្បាលដទៃទៀតដែលត្រូវបានគេតេស្តឃើញវិជ្ជមានកាលពីពេលកន្លងទៅ។
អនុរក្សសត្វព្រៃនៅតំបន់អភិរក្ស Mudumalai នៅភាគខាងត្បូងរដ្ឋ Tamil Nadu បានប្រាប់ AFP នៅថ្ងៃពុធនេះថា «បន្ទាប់ពីសត្វតោនៅសួនសត្វបានធ្វើតេស្តវិជ្ជមាន យើងត្រូវបានគេស្នើសុំឱ្យធ្វើតេស្តសត្វដំរីទាំងអស់ ដើម្បីជាវិធានការការពារទុកជាមុន»។
បើតាមការគូសបញ្ជាក់របស់អាជ្ញាធរបានឲ្យដឹងថា សំណាកច្រមុះ និងរន្ធគូថត្រូវបានគេយកពីដំរីចំនួន ២៨ក្បាល រួមទាំងកូនគោពីរក្បាលផងដែរកាលពីថ្ងៃអង្គារម្សិលមិញ ហើយត្រូវបានបញ្ជូនទៅវិទ្យាស្ថានស្រាវជ្រាវបសុពេទ្យឥណ្ឌា នៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេស៕