Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រូបចម្លាក់មេដឹកនាំប្រទេស G7 ផ្គុំឡើងពីសំរាមអេឡិចត្រូនិក កំពុងបង្ហាញរាងនៅអង់គ្លេស (Photo inside)

09-06-2021 18:18

(បរទេស)៖ រូបចម្លាក់របស់បណ្ដាមេដឹកនាំប្រទេស G7 ឬក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ត្រូវបានគេឆ្លាក់ឡើងនៅក្នុងតំបន់ ខនវ៉ល (Cornwall) ចក្រភពអង់គ្លេស ដោយប្រើប្រាស់កាកសំណល់គឿងអេឡិចត្រូនិក មុននឹងតំបន់នេះត្រូវទទួលរៀបចំកិច្ចប្រជុំកំពូល G7 ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។

វិចិត្រករឆ្លាក់រូប លោក ចូ រ៉ាស់ (Joe Rush) បានឱ្យដឹងថា លោកបានដាក់ឈ្មោះរូបចម្លាក់មេដឹកនាំ G7 ថា «Mount Recyclemore» ដែលមានទ្រង់ទ្រាយស្រដៀងគ្នានឹងរូបចម្លាក់ Mount Rushmore នៅក្នុងសហរដ្ឋអាមេរិក។ លោក Joe Rush បានបន្ថែមទៀតថា ការសម្រេចចិត្តយកកាលសំណល់អេឡិចត្រូនិក យកធ្វើជារូបចម្លាក់ Mount Recyclemore គឺមានគោលដៅបង្ហាញពីការបំផ្លិចផ្លាញ ដែលបង្កឡើងដោយការបោះចោលឧបករណ៍អេឡិចត្រូនិក និងពីភាពចាំបាច់ ដែលត្រូវយកកាកសំណល់ទាំងនោះមកប្រើប្រាស់ ឬកែច្នៃឡើងវិញ។

គួរបញ្ជាក់ថា រូបចម្លាក់មេដឹកនាំ G7 ខាងលើក្នុងនោះរួមមាននាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន, នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga), ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង, នាយករដ្ឋមន្ត្រីអ៉ីតាលី លោក ម៉ារីអូ ដ្រាហ្គី (Mario Draghi), នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ, អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន៕