(បាងកក)៖ ប្រទេសថៃរំពឹងទទួលបានភ្ញៀវទេសចរបរទេស ចំនួនប្រហែល ៣លាននាក់នៅក្នុងឆ្នាំនេះ ខណៈនៅខែក្រោយខេត្តទេសចរណ៍ ភូកេត (Phuket) នឹងចាប់ផ្តើមស្វាគមន៍អ្នកទេសចរ ដែលបានចាក់វ៉ាក់សាំងរួច ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។
ការដាក់គោលដៅខាងលើ គឺទាបជាងចំនួនភ្ញៀវទេសចរបរទេស ០៤លាននាក់ ដែលត្រូវបានព្យាករណ៍ដោយអាជ្ញាធរទេសចរណ៍ថៃ TAT កាលពីខែមេសាកន្លងទៅ នៅពេលដែលរលកឆ្លងរាតត្បាតថ្មីនៃជំងឺ COVID-19 ដែលធ្ងន់ធ្ងរជាងមុន បានផ្ទុះឡើងនៅក្នុងប្រទេសអាស៊ានមួយនេះ។ នៅក្រោមកម្មវិធីសាកល្បងមួយ ថៃនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេស ទៅលេងកោះ Phuket ដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយនៅខែកក្កដា ហើយនៅខែតុលា នឹងអនុវត្តដូចគ្នានៅតាមខេត្តចំនួន ៩ផ្សេងទៀត។
បើតាមអាជ្ញាធរ TAT ប្រទេសថៃរំពឹងទទួលបានមួយចំណែកធំ នៃភ្ញៀវទេសចរ ៣លាននាក់នោះ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២១។ សម្រាប់ត្រីមាសទី ៣ ថៃរំពឹងទទួលបានទេសចរជិត ១៣០,០០០នាក់ ខណៈកាលពីចន្លោះខែមករា-មេសា មានភ្ញៀវទេសចរបរទេសត្រឹមតែ ២៨,៧០០នាក់ប៉ុណ្ណោះ បានធ្វើដំណើរមកកាន់ថៃ។
គួរបញ្ជាក់ថា កាលពីក្នុងឆ្នាំ២០១៩ ប្រទេសថៃ ដែលមានការពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ទទួលបានភ្ញៀវទេសចរបរទេសសរុប ៤០លាននាក់៕