(ប៉េកាំង)៖ វ៉ាក់សាំងបង្ការជំងឺ COVID-19 ច្រើនជាង ៨០០លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេសចិន គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ខណៈប្រទេសដែលមានប្រជាជន ច្រើនជាងគេបំផុតលើពិភពលោកមួយនេះ កំពុងជំរុញកម្មវិធីចាក់វ៉ាក់សាំងឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល និងការផ្ទុះឡើងវិញនៃជំងឺ COVID-19 ដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។
គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានឱ្យដឹងនៅថ្ងៃពុធនេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួនជិត ៨០៩លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេសចិន។ យោងតាមទិន្នន័យចុងក្រោយបំផុត នៃអង្គការសហប្រជាជាតិ ប្រទេសចិនគិតត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ មានប្រជាជនសរុបជាង ១,៤៤៤លាននាក់។
គួរបញ្ជាក់តាមលោក ហ្សេង យីស៉ីន (Zeng Yixin) អ្នកនាំពាក្យរបស់ NHC បានលើកឡើងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ ជាមួយសារព័ត៌មានចិនស៉ីនហួរថា យ៉ាងហោចណាស់ ៧០ភាគរយ នៃចំនួនប្រជាជននៅក្នុងប្រទេសចិនដែលនៅក្នុងគោលដៅ ត្រូវបានគេរំពឹងថា នឹងត្រូវទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅត្រឹមដំណាច់ឆ្នាំ២០២១៕