(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ឱ្យដឹងថា ចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងលើស ២៩លានករណីហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ។
នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩២,៥៩៦ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ២៩,០៨៩,០៦៩ករណី។ នេះគឺជាថ្ងៃទីពីរជាប់ៗគ្នាហើយ ដែលប្រទេសឥណ្ឌា បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗក្រោម ១០០,០០០ករណីក្នុងរយៈពេលជាង ២ខែមកនេះ។
បន្ថែមពីលើនេះ ក្រសួងសុខាភិបាលឥណ្ឌា ក៏បានរាយការណ៍ពីអ្នកស្លាប់ថ្មីៗដោយសារជំងឺ COVID-19 ចំនួន ២,២១៩នាក់បន្ថែមទៀតផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ៣៥៣,៥២៨នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៧,៥០៤,១២៦នាក់បានជាសះស្បើយ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេសកាលពីខែមករា ហើយរហូតមកទល់ពេលនេះ ប្រទេសដែលមានប្រជាជនសរុបជាង ១.៣ពាន់លាននាក់នេះ បានចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន សរុបយ៉ាងហោចជាង ២៣៦លានដូសហើយ៕