(បាងកក)៖ រាជបណ្ឌិតសភាវិទ្យាសាស្រ្ត-វេជ្ជសាស្រ្តនៃប្រទេសថៃ Chulabhorn នៅថ្ងៃពុធនេះ បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនទិញពីក្រុមហ៊ុនចិន Sinopharm ត្រូវបានកំណត់តម្លៃថ្លៃ៨៨៨បាត ដែលស្មើនឹង២៨.៥ដុល្លារអាមេរិក ក្នុងមួយដូស។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។
រាជបណ្ឌិតសភាថៃ Chulabhorn បានឲ្យដឹងថា វ៉ាក់សាំង Sinopharm នឹងត្រូវទិញដោយប្រើមូលនិធិរបស់រាជបណ្ឌិតសភាផ្ទាល់ ដូច្នេះហើយមិនអាចផ្តល់ឲ្យដោយឥតគិតថ្លៃនោះទេ។ តម្លៃខាងលើនេះ គឺត្រូវបានគិតបញ្ចូលទាំងការដឹកជញ្ជូន ស្តុកទុក និងធានារ៉ាប់រង សម្រាប់ផលប៉ះពាល់ ដែលបង្កឡើងដោយវ៉ាក់សាំង។
ស្ថាប័នរដ្ឋ-ឯកជននៅក្នុងប្រទេសថៃ ដែលចង់ទិញវ៉ាក់សាំងពីរាជបណ្ឌិតសភា Chulabhorn ត្រូវតែមានសមត្ថភាពផ្តល់ពួកវាឲ្យក្រុមបុគ្គល ដែលចង់បានវ៉ាក់សាំងជម្រើសផ្សេងក្រៅពី វ៉ាក់សាំងដែលកំពុងប្រើប្រាស់បច្ចុប្បន្នដោយរដ្ឋាភិបាលគឺ AstraZeneca និង Sinovac ប៉ុន្តែពុំអនុញ្ញាតឲ្យយកប្រាក់ពីអ្នកចាក់ដាច់ខាត ហើយក៏មិនអាចយកទៅលក់បន្តផងដែរ។ ការល្មើសបទបញ្ញត្តិរបស់រាជបណ្ឌិតសភា Chulabhorn នឹងត្រូវប្រឈមពិន័យជាប្រាក់គុណនឹង១៥ដង នៃតម្លៃវ៉ាក់សាំងដែលបានទិញ។
គួរបញ្ជាក់ថា រាជបណ្ឌិតសភាថៃ Chulabhorn ត្រូវបានអនុញ្ញាតឲ្យនាំចូលវ៉ាក់សាំង COVID-19 ដោយពុំចាំបាច់ឆ្លងកាត់រដ្ឋាភិបាលថៃ។ រាជបណ្ឌិតសភា Chulabhorn គ្រោងនាំចូលវ៉ាក់សាំង Sinopharm ចំនួនប្រមាណជា ១លានដូស៕