(ម៉ូស្គូ)៖ ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី កំពុងបង្ហាញសញ្ញាគំរាមថា ខ្លួននឹងដើរចេញពីកម្មវិធីស្ថានីយអវកាសអន្តរជាតិ (ISS) នៅឆ្នាំ២០២៥ ប្រសិនបើសហរដ្ឋអាមេរិកមិនព្រមដកទណ្ឌកម្ម ប្រឆាំងវិស័យអវកាសរុស្ស៉ីចេញវិញទេនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអាមេរិក NBC News នៅព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។
កំលុងសវនាការដេញដោលមួយនៅសភារុស្ស៉ី កាលពីថ្ងៃចន្ទសប្តាហ៍នេះ នាយកទីភ្នាក់ងារអវកាស រ៉ូសខូស្មូស (Roscosmos) លោក ឌីមីទ្រី រ៉ូហ្គោហ្ស៊ីន (Dmitry Rogozin) បាននិយាយថា «ប្រសិនបើទណ្ឌកម្មនៅដដែល ហើយមិនត្រូវបានដកចេញ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខទេនោះ បញ្ហានៃការដកខ្លួនចេញរបស់ប្រទេសរុស្ស៉ីពីកម្មវិធី ISS នឹងជាការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក»។
លោក Rogozin បានសង្កត់ធ្ងន់ថា ជម្រើសមានពីរក្នុងនោះ ទីមួយគឺរុស្ស៉ី-សហរដ្ឋអាមេរិកត្រូវសហការគ្នា តែតម្រូវឲ្យដកទណ្ឌកម្មចេញវិញ រីឯទីពីរគឺប្រទេសទាំងពីរលែងសហការគ្នាតទៅទៀត ហើយរុស្ស៉ីនឹងបង្កើតស្ថានីយអវកាសផ្ទាល់ខ្លួន។ បើតាមលោក Rogozin ទណ្ឌកម្មរបស់អាមេរិក ក៏ធ្វើឲ្យរុស្ស៉ីមិនអាចបាញ់បង្ហោះ ផ្កាយរណបមួយចំនួនបានផងដែរ។
គួរបញ្ជាក់ថា សហព័ន្ធរុស្ស៉ី និងសហរដ្ឋអាមេរិក បានបន្តភាពជាដៃគូធំជាងគេ នៅក្នុងកម្មវិធីគ្រប់គ្រងស្ថានីយអវកាសអន្តរជាតិ (ISS) ចាប់តាំងតែពីការដួលរលំនៃសហភាពសូវៀត កាលពីទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលកិច្ចព្រមព្រៀង ISS ត្រូវបានកែសម្រួល ដើម្បីអនុញ្ញាតឲ្យរុស្ស៉ីចូលរួម។ កិច្ចព្រមព្រៀង ISS នឹងត្រូវផុតសុពលភាពនៅឆ្នាំ២០២៤ ប៉ុន្តែបណ្តាប្រទេសដៃគូ កំពុងចរចាគ្នាដើម្បីពន្យារវាឲ្យដល់ឆ្នាំ២០២៨៕