(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែម ដើម្បីការពារសមុទ្រ និងមហាសមុទ្រទាំងឡាយ នៅលើភពផែនដីមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។
លោក Antonio Guterres ធ្វើការកត់សម្គាល់ខាងលើ នៅសុន្ទរកថាមួយនាឱកាស ទិវាមហាសមុទ្រពិភពលោក «World Oceans Day» ថ្ងៃទី០៨ ខែមិថុនា។ ថ្លែងនាឱកាសនោះ លោកប្រមុខ UN បានគូសបញ្ជាក់ថា «សមុទ្ររបស់ពួកយើងកំពុងរងការបំពុល ដោយសំណល់បា្លស្ទិច ដែលអណ្តែតលើផ្ទៃសមុទ្រ រហូតលិចចូលក្រោមបាតសមុទ្រ»។
លោក Guterres បានសង្កត់ធ្ងន់បន្ថែមទៀតថា «ការនេសាទច្រើនហួសហេតុ ក៏បានធ្វើឱ្យខាតបង់ប្រាក់ចំណេញជាង ៩០ពាន់លានដុល្លារ ផងដែរក្នុងមួយឆ្នាំៗ ដែលនេះបាននិងកំពុងផ្ដល់ផលប៉ះពាល់ដល់ស្ត្រីងាយរងគ្រោះ ដែលរស់នៅពឹងផ្អែកលើអាជីវកម្មនេសាទខ្នាតតូច»។
គួរបញ្ជាក់ថា បើតាមលោក Antonio Guterres មនុស្សច្រើនជាង ៣ពាន់លាននាក់នៅជុំវិញពិភពលោក គឺពឹងផ្អែកលើមហាសមុទ្រ ដើម្បីការចិញ្ចឹមមជីវិត ហើយក្នុងនោះភាគច្រើនពួកគេ គឺជាប្រជាជននៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍៕