(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលអាមេរិកសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) បានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរលើប្រទេស និងដែនដីចំនួន ១១០ ដែលមានស្ថានការណ៍ឆ្លងរាតត្បាត COVID-19 ធូរស្រាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។
បើតាមការបង្ហោះព័ត៌មាននៅលើគេហទំព័រ CDC កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប្រទេសចំនួន៦១ ត្រូវបានបន្ធូរបន្ថយចេញពី កម្រិតលេខ៤ ដែលជាកម្រិតមួយផ្ដល់អនុសាសន៍ធ្វើដំណើរសម្រាប់តែអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូសប៉ុណ្ណោះ។ ចំណែកឯ ប្រទេស និងដែនដីចំនួន៥០ ផ្សេងទៀត ត្រូវបានបន្ធូរបន្ថយមកនៅត្រឹមកម្រិតលេខ ២ ឬលេខ១។
គួរបញ្ជាក់ថា បណ្ដាប្រទេសដែលត្រូវបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរមកត្រឹមកម្រិតទាបត្រឹមលេខ ១ ឬ ២ ក្នុងនោះរួមមានសិង្ហបុរី, អ៉ីស្រាអែល, កូរ៉េខាងត្បូង, អ៉ីស្លង់, បេលីស, និងអាល់បានី ខណៈប្រទេសស្ថិតនៅក្នុងបញ្ជីកម្រិតលេខ៣ មានបារាំង, អេក្វាដ័រ, ហ្វីលីពីន, អាហ្វ្រិកខាងត្បូង, កាណាដា, ម៉ិកស៊ីកូ, រុស្ស៊ី, អេស្ប៉ាញ, ស្វីស, តួកគី, អ៊ុយក្រែន, ហុងឌូរ៉ាស់, ហុងគ្រី និងអ៉ីតាលីជាដើម៕