(ប៉េកាំង)៖ ក្រសួងការពារជាតិចិនបានប្រកាសថ្កោលទោស ចំពោះដំណើរទស្សនកិច្ចរយៈពេលខ្លី របស់សមាជិកព្រឹទ្ធសភាអាមេរិក ៣រូបទៅកាន់កោះតៃវ៉ាន់ តាមរយៈយន្តហោះយោធាអាមេរិកមួយកាលពីចុងសប្តាហ៍នេះថា ជាការបង្កហេតុនយោបាយ ដែលមិនមានទំនួលខុសត្រូវ និងគ្រោះថ្នាក់បំផុត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។
កាលពីថ្ងៃអាទិត្យកន្លងទៅ សមាជិកព្រឹទ្ធសភា ៣រូបគឺលោកស្រី Tammy Duckworth, លោក Dan Sullivan និងលោក Christopher Kuhn បានធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ រយៈពេលប្រមាណ ០៣ម៉ោង ដែលនៅទីនោះពួកគេបានជួបជាមួយប្រធានាធិបតីលោកស្រី Tsai Ing-wen និងបានប្រកាសផ្តល់អំណោយវ៉ាក់សាំងចំនួន ៧៥០,០០០ដូសដល់កោះមួយនេះ។
អ្វីដែលខុសប្លែកពីធម្មតា សមាជិកសភាទាំង ៣រូបនោះមិនបានធ្វើដំណើរតាមយន្តហោះឯកជនដូចក្រុមមន្ត្រីអាមេរិកដទៃដែលបានទៅទស្សនៈកិច្ចកោះតៃវ៉ាន់លើកមុនៗនោះទេ។ ប៉ុន្តែពួកគេបានធ្វើដំណើរតាមរយៈយន្ដហោះយោធា C-17 Globemaster III របស់កងទ័ពអាមេរិក។
ក្រសួងការពារជាតិចិនបានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះដំណើរទស្សនៈកិច្ច និងការប្រើប្រាស់យន្តហោះយោធានេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនបាននិយាយថា «សមាជិកព្រឹទ្ធសភាអាមេរិកបានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់តាមរយៈយន្តហោះយោធា ដោយប្រើបញ្ហាតៃវ៉ាន់ដើម្បីប្រឆាំងនឹងគោលការណ៍ចិនតែមួយ ហើយព្យាយាមសម្រេចគោលដៅដែលគេហៅថា ការទាមទារកោះតៃវ៉ាន់ដើម្បីគ្រប់គ្រងប្រទេសចិន»។
សេចក្តីថ្លែងការណ៍ដដែលនេះបានសង្កត់ធ្ងន់ថា «នេះជាការបង្កហេតុនយោបាយដ៏អាក្រក់បំផុត»។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងចាត់ទុកកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ គឺជាផ្នែកមួយនៃ «ប្រទេសចិនតែមួយ» ហើយក៏បានចាត់ទុករាល់ដំណើរទស្សនកិច្ចរបស់មន្ត្រីបរទេសថា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសភាគច្រើននៅក្នុងពិភពលោកមិនមានទំនាក់ទំនងជាការទូតផ្លូវការជាមួយកោះតៃវ៉ាន់ឡើយ។ តែទីក្រុងវ៉ាស៊ីនតោនគឺជាខ្នងបង្អែក និងជាអ្នកផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់៕