(ឆុងឈីង)៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអំពាវនាវមេដឹកនាំសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ទាំងអស់ (អាស៊ាន) រួមគ្នាលើកកម្ពស់ផ្សព្វផ្សាយពីគុណតម្លៃនៃទ្វីបអាស៉ី។
ការអំពាវនាវរបស់ប្រមុខការទូតមហាយក្សចិន បានធ្វើឡើងក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន ដើម្បីអបអរខួប ៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង ប្រទេសចិន។
យោងតាមការផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ លោក វ៉ាង យី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីទាំងពីរ (អាស៊ាន-ចិន) ត្រូវប្រកាន់ខ្ជាប់ពហុភាគីនិយម និងធ្វើការរួមគ្នា ដើម្បីផ្សព្វផ្សាយគុណតម្លៃនៃទ្វីបអាស៉ី»។
គួរកត់សម្គាល់ថា ការអំពាវនាវរបស់លោក វ៉ាង យី ធ្វើឡើងបន្ទាប់ពីបណ្តាប្រទេសអឺរ៉ុប បានរើសអើងយ៉ាងខ្លាំងចំពោះបណ្តាប្រទេសអាស៉ី តាមរយៈការប្រើប្រាស់អំពើហិង្សាដោយគ្មានគុណធម៌។ បន្ថែមលើនេះ ការណ៍ដែលសហរដ្ឋអាមេរិក មិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដោយមិនបានជូនដំណឹងជាមុន ក៏ត្រូវបានគេមើលឃើញថា ជាការមើលងាយគុណតម្លៃនៃប្រទេសអាស៊ានផងដែរ។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ប្រមុខការទូតចិន ក៏បានផ្តល់អនុសាសន៍ថា ចិននិងអាស៊ានត្រូវយកចិត្តទុកដាក់លើរយៈ ៣០ ឆ្នាំនាពេលអនាគត បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងអាស៊ាន ដែលមានកម្រិតកាន់តែខ្ពស់ ដើម្បីបង្កើតសហគមន៍រួមជោគវាសនាតែមួយកាន់តែជិតស្និទ្ធ។
នៅចំពោះមុខមេដឹកនាំអាស៊ានទាំងអស់ លោក វ៉ាង យី ថែមទាំងបានប្រកាសថា ចិននឹងខិតខំប្រឹងប្រែងចែកចាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ទៅកាន់បណ្តាប្រទេសអាស៊ាន បន្ថែមទៀត។
គួរជម្រាបថា មហាអំណាចចិន បានប្រឹងប្រែងអភិវឌ្ឍន៍ និងផលិតវ៉ាក់សាំង ២ប្រភេទយ៉ាងជោគជ័យ រួមមាន ស៉ីណូវ៉ាក់ និងស៉ីណូហ្វាម ហើយអង្គការសុខភាពពិភពលោក ក៏បានប្រកាសទទួលស្គាល់ជាផ្លូវការរួចហើយដែរ។ សម្រាប់ប្រទេសនៅអាស៊ាន មានតែកម្ពុជាទេ ដែលទទួលបានវ៉ាក់សាំងពីចិនច្រើនជាងគេ ក្នុងនោះ ប្រភេទស៉ីណូហ្វាមជំនួយពីចិន ១.៧លានដូស និងប្រភេទស៉ីណូវ៉ាក់ ទិញពីចិន ៤.៥លានដូស ខណៈចិនប្រកាសជួយកម្ពុជាតាមតម្រូវការ។
ថ្លែងការណ៍ពីប្រទេសចិន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ភាគីទាំងពីរបានប្តេជ្ញាចិត្តពីការធានាថាប្រជាជន នឹងទទួលបានអនាគតកាន់តែរស់រវើក និងរីកចម្រើនថែមទៀត។
លោកសង្កត់ថា «មិនត្រឹមតែជាការប្រារព្ធខួបលើកទី ៣០ នៃដំណើរប្រកបដោយផ្លែផ្កាជាមួយគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងចំពោះទំនាក់ទំនងនេះ និងបញ្ជាក់ពីសេចក្តីប្រាថ្នា និងផែនការរបស់យើង ដើម្បីធានាថាប្រជាជនរបស់យើងនឹងទទួលបានអនាគតកាន់តែរស់រវើក និងរីកចម្រើនថែមទៀត»៕