(ឈីងហៃ)៖ លោក ស៊ី ជីនភីង បានថ្លែងថា «នៅពេលដែលខ្ញុំចុះត្រួតពិនិត្យការងារនៅតាមតំបន់ ខ្ញុំតែងតែចង់មើលជីវភាពរស់នៅរបស់ប្រជាជន»។ រសៀលថ្ងៃទី ៧ នៅទីក្រុង Xining លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានចាប់ផ្តើមដំណើរចុះត្រួតពិនិត្យការងារ នៅខេត្តឈីងហៃលើកនេះ។
សហគមន៍ Wentingxiang គឺជាទីកន្លែងសំខាន់នៃការចុះត្រួតពិនិត្យរបស់លោក។ នៅទីនោះ លោក ស៊ី ជីនភីង បាននិយាយដោយត្រង់ថា «នៅពេលដែលខ្ញុំចុះត្រួតពិនិត្យការងារនៅតាមតំបន់ ខ្ញុំតែងតែចង់មើលសហគមន៍ជនបទ និងទីក្រុង មើលប្រជាជនមានជីវភាពរស់នៅយ៉ាងណា»។
ដំណើរចុះត្រួតពិនិត្យការងារនៅខេត្តឈីងហៃលើកនេះ ចំជួនពេលពិធីអបអរសាទខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន ការពង្រឹងការងារកសាងគណបក្សតាមមូលដ្ឋាន បានក្លាយជាបញ្ហាដែលលោក ស៊ី ជីនភីង យកចិត្តទុកដាក់ខ្លាំងក្នុងការត្រួតពិនិត្យការងារនៅសហគមន៍ Wentingxiang។ លោកបានសង្កត់ធ្ងន់ថា ដើម្បីកសាងសហគមន៍មួយឱ្យបានល្អ ត្រូវការអង្គការតាមមូលដ្ឋានដ៏រឹងមាំ ដែលដឹកនាំដោយអង្គការគណបក្សជាចាំបាច់ ដែលអាចផ្តល់សេវាកម្មដិតដល់លើគ្រប់ទិដ្ឋភាពនៃសហគមន៍ និងរៀបចំស្វ័យភាពរបស់មហាជនឱ្យបានល្អ។
រសៀលថ្ងៃដដែល នៅពេលដែលលោក ស៊ី ជីនភីង បានចុះត្រួតពិនិត្យការងារនៅក្រុមហ៊ុនកម្រាលព្រំ Shengyuan នៃខេត្តឈីងហៃ លោកបានចង្អុលបង្ហាញថា ឧស្សាហកម្មកម្រាលព្រំ Zang គឺជាឧស្សាហកម្មមួយដែលស្របនឹង ភាពជាក់ស្តែងរបស់ខេត្តឈីងហៃ ដែលដើរតួនាទីជួយលុបបំបាត់ភាពក្រីក្រ ជំរុញការអភិវឌ្ឍជនបទ និងជំរុញសមគ្គីភាពជនជាតិ។ សង្ឃឹមថាខេត្តឈីងហៃនឹងអភិវឌ្ឍឧស្សាហកម្ម ដែលមានលក្ខណៈពិសេសដូចនេះកាន់តែច្រើនបន្ថែមទៀត និងទទួលបានការអភិវឌ្ឍកាន់តែល្អប្រសើរ តាមរយៈការច្នៃប្រឌិតថ្មី៕