(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៦៦២ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។
CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,១២៨ករណីត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៥៣៤ករណីទៀតត្រូវបានរកឃើញនៅលើអ្នកទោស ដែលនៅក្នុងពន្ធនាគារ ក្នុងនោះរួមមាន ៤១៥ករណីត្រូវបានរកឃើញនៅក្នុងពន្ធនាគារ បាងក្វាង (Bang Kwang), ១១៥ករណីនៅក្នុងពន្ធនាគារ ឆាឆឹងសៅ (Chachoengsao), និង ០៤ករណីទៀតនៅក្នុងពន្ធនាគារ ក្លង ព្រេម (Klong Prem)។
CCSA បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា ក្នុងនោះរួមមាន ១១នាក់ គឺជាបុរស និង ១៧នាក់ទៀត គឺជាស្រ្តីដែលពួកគេមានអាយុចន្លោះពី ៤០ឆ្នាំ ទៅ ៩២ឆ្នាំ។
គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៨២,៥៤៨ករណី ក្នុងនោះមានអ្នកស្លាប់ ១,២៩៧នាក់ និងអ្នកជាសះស្បើយ ១៣១,៩៩៩នាក់៕