(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨៦,៤៩៨ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ២៨,៩៩៦,៤៧៣ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ។
បន្ថែមពីលើនេះ បើតាមក្រសួងសុខាភិបាលឥណ្ឌា អ្នកជំងឺ COVID-19 ចំនួន ២,១២៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា នាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ៣៥១,៣០៩នាក់ ខណៈអ្នកជំងឺសរុបចំនួន២៧,៣៤១,៤៦២នាក់ បានជាសះស្បើយឡើងវិញ។
តួលេខអ្នកឆ្លងប្រចាំថ្ងៃខាងលើនេះ គឺបង្ហាញពីការបន្តថយចុះគួរឱ្យកត់សម្គាល់មួយកម្រិតទៀត ដោយថយចុះក្រោម ១០០,០០០ករណីជាលើកដំបូងក្នុងរយៈពេលជាង២ខែ មកនេះ ខណៈកាលពីប៉ុន្មានសប្ដាហ៍មុនបានលោតឡើងដល់ជាង ៤០០,០០០ករណី។ ដោយឡែក ចំនួនអ្នកស្លាប់វិញ ក៏បានថយចុះផងដែរ។ ទោះបែបនេះក្ដី អត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា នៅតែស្ថិតក្នុងកម្រិតខ្ពស់ជាងគេដដែល បើធៀបនឹងបណ្ដាប្រទេសផ្សេងៗទៀត។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេសកាលពីខែមករា ហើយរហូតមកទល់ពេលនេះ ប្រទេសដែលមានប្រជាជនសរុបជាង ១.៣ពាន់លាននាក់នេះ បានចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន សរុបចំនួន ២៣៦,១៩៨,៧២៦ដូសហើយ ក្នុងនោះមាន ៣,៣៦៤,៤៧៦ដូស ត្រូវបានចាក់ជូនតែមួយថ្ងៃចន្ទម្សិលមិញនេះតែប៉ុណ្ណោះ៕