(ប្រេស៊ីល)៖ ក្រុមអ្នកជំនាញបានព្រមានថា ប្រទេសប្រេស៊ីលកំពុងប្រឈមមុខនឹង លទ្ធភាពនៃការផ្ទុះរលកទី៣ COVID-19 ដែលបង្កឡើងដោយភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំង និងកង្វះខាតវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។

បើតាមតួលេខផ្ដល់ដោយអាជ្ញាធរសុខាភិបាលប្រេស៊ីល ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសប្រេស៊ីលមានជាមធ្យមជាង ១,០០០នាក់ក្នុងមួយថ្ងៃ កាលពីខែកក្កដា ឆ្នាំ២០២០ អំឡុងរលកទី១ និងមានអ្នកស្លាប់ប្រចាំថ្ងៃជាមធ្យម ៣,០០០នាក់ កាលពីខែមេសាកន្លងទៅអំឡុងរលកទី ២។ ដោយឡែក បច្ចុប្បន្នចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានជាមធ្យម ១,៦០០នាក់ កាលពីសប្ដាហ៍ ខណៈប្រជាជនប្រេស៊ីលមួយភាគធំ បានត្រឡប់ទៅប្រកបអាជីវកម្មដូចធម្មតាឡើងវិញ។

ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានថា ប្រេស៊ីលអាចនឹងត្រូវប្រឈមមុខនឹងរលកទី ៣ នៃការឆ្លងរាតត្បាត COVID-19 ដ៏កាចសាហាវ ប្រសិនបើយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនជាង ២១២លាននាក់នៅតែមានភាពយឺតយ៉ាវ និងគ្មានវិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពទេនោះ។

បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ប្រេស៊ីលមានអ្នកឆ្លង COVID-19 សរុប ១៦.៩លាននាក់ ក្នុងនោះស្លាប់ ៤៧៤,៦១៤នាក់ និងជាសះស្បើយ ១៥.៤លាននាក់។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងវិញ គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ប្រេស៊ីលសម្រេចបានការចាក់វ៉ាក់សាំង ៤៨.៨លាននាក់ ឬស្មើ ២៣.១ភាគរយបានចាក់ដូសទី ១ និង ២២.៨លាននាក់ ឬស្មើនឹង ១០.៨ភាគរយបានចាក់គ្រប់ដូស ឬ ០២ដូស៕