(កាណាដា)៖ ប៉ូលិសនៅក្នុងខេត្ត Ontario ប្រទេសកាណាដា បានឱ្យដឹងថាបុរសម្នាក់បើករថយន្ដ pick-up មួយគ្រឿងបានបើកបំបុកសម្លាប់មនុស្ស៤នាក់ ជាសមាជិកមកពីគ្រួសារតែមួយដែលជាអ្នកកាន់សាសនាអ៉ីស្លាម ឬមូស្លីម ហើយដែលនេះជាទង្វើមានការរៀបចំគម្រោងទុកជាមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។
បើតាមប៉ូលិសកាណាដា ហេតុការណ៍ខាងលើបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ (ម៉ោងនៅកាណាដា) ខណៈសមាជិកគ្រួសារមូស្លីមខាងលើ កំពុងរង់ចាំដើរឆ្លងផ្លូវនៅឯទីក្រុង London នៃខេត្ត Ontario ស្ថិតនៅចម្ងាយ ២០០គីឡូម៉ែត្រពីភាគនីរតីទីក្រុង Toronto។ ក្រោយបើករថយន្ដបំបុក ជនសង្ស័យ
ជាបុរសម្នាក់អាយុ២១ឆ្នាំ មានឈ្មោះថា Nathaniel Veltman បានរត់គេចខ្លួន តែត្រូវបានប៉ូលិសចាប់ខ្លួននៅឯផ្សារមួយកន្លែងស្ថិតនៅចម្ងាយ ៧គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។
គួរបញ្ជាក់ថា បើតាមប៉ូលិសកាណាដា សកម្មភាពឧក្រិដ្ឋខាងលើត្រូវបានធ្វើឡើងដោយមានរៀបចំទុកជាមុន ខណៈមានភស្ដុតាងជាច្រើនបញ្ជាក់ថាជនរងគ្រោះ រងការវាយប្រហារដោយសារតែពួកគេជាជនមូស្លីម។ ប៉ូលិសកាណាដា មិនបានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះឡើយ ដោយគ្រាន់តែឱ្យដឹងថាក្នុងចំណោម ពួកគេមានស្ត្រីម្នាក់អាយុ ៧៤ឆ្នាំ, បុរសម្នាក់អាយុ ៤៦ឆ្នាំ, ស្ត្រីម្នាក់អាយុ ៤៤ឆ្នាំ និងក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ ខណៈក្មេងប្រុសមា្នក់អាយុ៩ឆ្នាំក៏បានរងរបួសផងដែរ៕