(ប៉េកាំង)៖ ថ្ងៃទី៧ ខែមិថុនា អគ្គរដ្ឋបាលគយនៃប្រទេសចិន បានប្រកាសទិន្នន័យអំពីការនាំចេញនាំចូលថ្មីបំផុត ដោយបានបង្ហាញថា ក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនិងនាំចូលនៃប្រទេសចិន បានកើនឡើង២៨.២ភាគរយ បើប្រៀបធៀននឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះការនាំចេញបានកើនឡើង៣០.១ភាគរយ ការនាំចូលបានកើនឡើង ២៥.៩ភាគរយ។ បើមើលពីទិន្នន័យប្រចាំខែ អាចឃើញថា គិតរហូតដល់ខែឧសភា ការនាំចេញនិងនាំចូលបានរក្សានិន្នាការកើនឡើង ក្នុងរយៈពេល១២ខែជាប់ៗគ្នា។

ប្រការនេះបានបង្ហាញយ៉ាងច្បាស់ថា ពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិន ទទួលបានការងើបឡើងវិញប្រកបដោយស្ថិរភាព និងភាពខ្លាំងក្លា ដែលបាននាំមកនូវទីបង្អែកនិងជំនឿចិត្តដល់សេដ្ឋកិច្ចសកល។ ព្រមពេលជាមួយគ្នានេះ ការងើបឡើងវិញជាបន្តបន្ទាប់នៃពាណិជ្ជកម្ម ជាមួយក្រៅប្រទេសរបស់ប្រទេសចិន ក៏មានទំនាក់ទំនងជាមួយ ការដែលក្របខណ្ឌចាក់វ៉ាក់សាំងរបស់បណ្តាប្រទេសនានា ត្រូវបានពង្រីក និងតម្រូវការក្នុងផ្ទៃអន្តរជាតិបានកើនឡើងផងដែរ។
មានសហគ្រាសចិនចំនួនមិនតិចទេ ដែលធ្វើពាណិជ្ជកម្មជាមួយក្រៅប្រទេស ទទួលបានការបញ្ជាទិញជាច្រើន។

នាពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មចិនបានធ្វើការស្ទង់ប្រជាមតិតាមកម្រងសំណួរ ចំពោះសហគ្រាសចំនួនជាង២ម៉ឺន ដែលបានចូលរួមពិព័រណ៍ផលិតផលនាំចេញនាំចូលលើកទី១២៩ ដោយបង្ហាញថា សហគ្រាសដែលចូលរួមការស្ទង់ប្រជាមតិ ការបញ្ជាទិញរបស់សហគ្រាសចំនួន៤៣.២ភាគរយអាចរក្សាបានលើសពី៣ខែ ។

សមត្ថភាពផ្គត់ផ្គង់យ៉ាងខ្លាំងក្លារបស់ឧស្សាហកម្មពាណិជ្ជកម្ម ជាមួយក្រៅប្រទេសរបស់ប្រទេសចិន បានបញ្ជាក់ម្តងទៀតថា ក្នុងការផ្តល់ការគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សកល ទីផ្សារប្រទេសចិនអាចផ្គត់ផ្គង់បរិក្ខារវេជ្ជសាស្ត្រ និងសម្ភារៈការពារយ៉ាងច្រើនសម្បើម ហើយក្នុងការជួយសេដ្ឋកិច្ចឱ្យងើបឡើងវិញ ទីផ្សារចិនក៏អាចផ្តល់ផលិតផលឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់គ្រប់បែបយ៉ាងដល់ បណ្តាប្រទេសនានាផងដែរ ។

ដោយឡែក ពាណិជ្ជកម្មនាំចេញនាំចូលរបស់ប្រទេសចិន បានបង្កើនកម្លាំងទាក់ទាញចំពោះ ប្រភពធនធានសកលជាបន្តបន្ទាប់។ ក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូលរបស់ប្រទេសចិន ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជាសមាគមអាស៊ាន សហភាពអឺរ៉ុបនិងអាមេរិកជាដើម បានកើនឡើង២៩.២ភាគរយ ២៨.៧ភាគរយ និង៤១.៣ភាគរយ ដោយឡែកពីគ្នា។

ក្នុងរយៈពេលដំណាលគ្នា ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូលរបស់ប្រទេសចិន ជាមួយប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» សរុបមានចំនួន៤.៣៦ទ្រីលានប្រាក់យាន់ចិន ដែលបានកើនឡើងចំនួន២៧.៤ភាគរយ។ វាច្បាស់ណាស់ថា តួនាទីដ៏សំខាន់របស់ប្រទេសចិន ក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល គឺមិនអាចជំនួសបានទេ។ ទីផ្សារដ៏ខ្លាំងក្លារបស់ប្រទេសចិន បានក្លាយជាប្រភពប្រាក់កំរៃរបស់សហគ្រាសពហុជាតិ ដែលមិនអាចមើលរំលងនោះឡើយ។

បច្ចុប្បន្ននេះ ស្ថានការណ៍រាតត្បាតនៃជំងឺកូវីដ១៩នៅតែមានភាពតានតឹងដដែល ដែលបានបង្កជាផលប៉ះពាល់ដល់ អនាគតពាណិជ្ជកម្មសកល។ ប្រឈមនឹងកក្តាមិនប្រាកដប្រជាជាច្រើន ប្រទេសចិននឹងបន្តគាំទ្រសកលភាពវូបនីយកម្ម និងពហុភាគីនិយមជាបន្តបន្ទាប់តាមរយៈ ការអនុវត្តជាក់ស្តែងរបស់ខ្លួន ក៏ដូចជាបានពង្រើកតួនាទីដ៏សំខាន់របស់ខ្លួន ក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលផងដែរ ដើម្បីផ្តល់ភាពប្រាកដប្រជាកាន់តែច្រើនដល់ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល៕