(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣៣ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។
បើតាមគណៈកម្មការសុខាភិបាលជាតិចិន (NHC) ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៣៣ករណីខាងលើមាន ១៩ករណី គឺជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានរាយការណ៍ចេញពីខេត្តក្វាងទុង (Guangdong) ភាគខាងត្បូង។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩១,៣០០ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៦,២៥៥នាក់។ ករណីឆ្លងសហគមន៍នៅក្នុងខេត្តក្វាងទុង បាននិងកំពុងធ្វើឲ្យអាជ្ញាធរចិនបង្កើនការប្រុងប្រយ័ត្នជាខ្លាំង ខណៈទីក្រុង និងខេត្តនៅជុំវិញខេត្តក្វាងទុង ក៏កំពុងប្រុងជើងការខ្ពស់ផងដែរ៕