(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១២,២៨៣នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣១២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ៣៤,២២៧,២៣៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១២,៧០១នាក់ និងជាសះស្បើយឡើងសរុប ២៨,១៧៧,៦៥៩លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។

សហរដ្ឋអាមេរិកបានមើលឃើញអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃធ្លាក់ចុះកាន់តែច្រើនបន្ថែមទៀត កាលពីអំឡុងសប្តាហ៍មុន ខណៈរដ្ឋមួយចំនួនធំបានចាប់ផ្តើមវិលត្រលប់ ទៅរកសកម្មភាពប្រក្រតីវិញជាបណ្តើរៗផងដែរ។ ទោះជាយ៉ាងណា សន្ទុះនៃការចាក់វ៉ាក់សាំងបង្ការ COVID-19 បែរជាមានការថមថយទៅវិញ ដែលជាហេតុនាំឲ្យរដ្ឋធំៗមួយចំនួន បង្កើតកម្មវិធីលើកទឹកចិត្ត ឲ្យប្រជាជនចាប់ពីអាយុ ១២ឆ្នាំឡើងទៅ រួសរាន់ទៅទទួលការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣០២លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៧០.៨៣លាននាក់ (៥២%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៣៩លាននាក់ (៤២.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕