(ហូឡង់)៖ ចៅក្រមនៅក្នុងប្រទេសហូឡង់ បាននិយាយថាពួកគេចង់ឱ្យក្រុមគ្រួសារសាច់ញ្ញាតិជនរងគ្រោះទាំងអស់បានយល់ និងដឹងឱ្យច្បាស់ពីការបាញ់ទម្លាក់ យន្ដហោះដឹកអ្នកដំណើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅក្នុងដែនអាកាសអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ខណៈសវនាការកំបាំងមុខលើ ជនសង្ស័យ៤នាក់បានឈានចូលដំណាក់កាលមួយដ៏សំខាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។
បើតាមប្រធានចៅក្រមហូឡង់ លោក Hendrik Steenhuis សវនាការបានចាប់ផ្ដើមដំបូងកាលពីខែមីនា ឆ្នាំ២០២០ ប៉ុន្តែមកទល់នឹងពេលនេះមិនទាន់មានការបញ្ជាក់ ឱ្យច្បាស់ ឬភស្ដុតាងជាក់លាក់ណាមួយជុំវិញសោកនាដកម្មនៃយន្ដហោះ MH17 ដែលត្រូវបានគេបាញ់ទម្លាក់ដោយផ្ដាច់ជីវិតអ្នកដំណើរ និងក្រុមអាកាសយានិក នៅលើនោះទាំង ២៩៨នាក់នោះទេ។
លោក Steenhuis បន្ថែមទៀតថា សវនាការកំបាំងមុខលើជនសង្ស័យជាពលរដ្ឋរុស្ស៊ីឈ្មោះ Oleg Pulatov, Igor Girkin, Sergei Dubinsky និងពលរដ្ឋអ៊ុយក្រែនម្នាក់ ឈ្មោះ Leonid Kharchenko បានឈានដល់ដំណាក់កាលមួយដ៏សំខាន់។ ដ្បិតតុលាការនឹងស្វែងរកភស្ដុតាងបន្ថែមដើម្បីដោះស្រាយចម្ងល់ចំនួន៣ ក្នុងនោះរួមមាន ថាតើយន្ដហោះ MH17 ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលផលិតដោយរុស្ស៊ីឬក៏យ៉ាងណា? ទីតាំងដែលមីស៊ីលត្រូវបានបាញ់ចេញ និងតួនាទីជនសង្ស័យទាំង៤នាក់ ពាក់ព័ន្ធនឹងសោកនាដកម្មដ MH17។
គួរបញ្ជាក់ថា យន្ដហោះដឹកអ្នកដំណើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ផ្ទុកមនុស្ស២៩៨នាក់មានទាំងអ្នកដំណើរ និងក្រុមអាកាសយានិក ត្រូវបានគេបាញ់ទម្លាក់នៅឯតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីខែកក្កដា ឆ្នាំ២០១៤។ បណ្ដាប្រទេស និងក្រុមអ្នកជំនាញលោកខាងលិចបានចោទថា ក្រុមឧទ្ទាមផ្ដាច់ទឹកដីក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលប្រភេទ BUK ដែលផលិតដោយរុស្ស៊ីបាញ់ទម្លាក់យន្ដហោះមួយនេះ។ ប៉ុន្តែទីក្រុងម៉ូស្គូ បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយ៕